Thursday, February 4, 2016

ស្ដេច Zamaa



…..រឿង​នេះ​តំណាល​បន្ត​ពី​ស្ដេច​មួយ​អង្គ​ផ្សេង​នៅ​កោះ​មួយ​ឈ្មោះថា​កោះ Khaaldaan ដែល​មាន​ចម្ងាយ​ប្រហែល​តែ​២០​ថ្ងៃ​តាម​សំពៅ​ពី​ក្រុង​បាដាដ​។ ស្ដេច​អង្គ​នោះ​មាន​បុត្រា​តែមួយ​អង្គ​គត់ ទ្រង់​ព្រះនាម Kaamraal Zamaan ។
នៅ​ពេល​ដែល​រាជ​បុត្រា​បាន​ចម្រើន​វ័យ​ឡើង ទ្រង់​បាន​ក្លាយ​ជា​រាជវង្សានុវង្ស​ដែល​ល្អ​ដាច់​គេ ខាង​ផ្នែក​កាយសម្បទា និង​គំនិត​បញ្ញា ទ្រង់​ពោរពេញ​ដោយ​ចំណេះដឹង សឹង​ថា​គ្រប់​ប្រភេទ​ទាំង​វិទ្យាសាស្ត្រ និង​សាសនា។ បុត្រា​ថែមទាំង​មាន​ព្រះ​កាយា​សែន​សង្ហា និង​ស្ដី​វាចា​កាលណា សព្ទ​សំឡេង​ទន់​ពីរោះ​សម​នឹង​អ្នក​រាល់គ្នា​ស្រលាញ់​គោរព។
នៅ​ពេល​ដែល​ទ្រង់ Zamaan មាន​ព្រះជន្ម​១៥វស្សា រាជបិតា​បានសម្រេច​ចិត្ត​ប្រគល់​រាជ្យ​ជា​ព្រះមហាក្សត្រ​នៃ​កោះ​នោះ ព្រោះ​តែ​មាន​សេចក្ដី​សង្ឃឹម​ជា​ពន់ពេក​លើ​ប្រជាប្រិយភាព​ទ្រង់។
ទោះ​ទ្រង់ ​Zamaan មិន​មាន​បន្ទូល​ជំទាស់​រាជបំណង​នេះ​នឹង​ព្រះ​ភក្ត្រ​ព្រះរាជា​ក៏​ការ​ពិត​ អ្នក​ណាៗ​សុទ្ធតែ​ដឹង​ថា រាជ​បុត្រា​មិន​មាន​ព្រះទ័យ​ចង់​កាន់​រាជកិច្ច​សូម្បី​បន្តិច​ណា​ក៏​ទេ។
តាំងពី​មាន​កាល​កំណត់​សម្រាប់​ឡើង​គ្រងរាជ្យ​នេះ​មក ទ្រង់ Zamaan ហាក់​ស្រពាប់​ស្រពោន មិន​យាង​លេងសើច​នឹង​ប្អូនជីដូនមួយ​នានា​ដូច​មុន សំងំ​តែ​ក្នុង​ក្រឡា ហើយ​មិន​ជួប​ស្វាគមន៍​អ្នកណា​មក​សួរ​សុខ​ទុក្ខ។
ដំណឹង​នេះ​លេចឮ​ដល់​រាជ​ដំណាក់​ធំ លុះ​ដល់​រាត្រី​មួយ ព្រះ​វររាជ​មាតា​ដាច់​ចិត្ត​សុំ​បិតា​នូវ​ឱកាស​ហើយ​ទូល​ថា៖
«ព្រះរាជា​អើយ រាជបុត្រ​យើង​នេះ គឺ​នៅ​តែ​មាន​វ័យក្មេង​ពេក​នៅ​ឡើយ! វា​ជា​ការ​ឆាប់​ពេក​ទេ ដើម្បី​នឹង​មក​ពាក់​មកុដ​ទ្រង់គ្រឿង​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​នាំមក​នូវ​ការ​គោរព? ប្រសិនបើ​មិន​ដូច្នេះ គួរតែ​គិត​អភិសេក​ទ្រង់ ដើម្បី​ជា​ឱកាស​រៀន​ពី​របៀប​គ្រប់គ្រង​ក្នុង​ជីវិត​ខ្លះ​សិន​ដែរ ព្រះ​ពរ!»
ព្រះរាជា​ទ្រង់​សណ្ដាប់​ក៏​ព្រះតម្រិះ​ថា​ស្រប ហើយ​ស្អែក​ឡើង​កាល​ណា ព្រះអង្គ​បាន​កោះហៅ​រាជ​បុត្រា​ចូល​បង្គំ​គាល់។
រាជបុត្រ​មិនដែល​សម្គាល់​ឃើញ​បិតា​កោះ​ហៅ​ទាំង​ព្រឹក​ព្រហាម​ដូច្នេះ​សោះ ទើប​ទ្រង់​ហាក់​ភ្ញាក់ផ្អើល ហើយ​យាង​មក​ឈរ​ឱន​កាយ​ដោយ​នឹងធឹង​ស្ងៀមស្ងាត់។
រាជា​ចាប់​មាន​ព្រះបន្ទូល​ថា៖
«ហៃ​បុត្រ​អើយ! តើ​អ្នកដឹង​ទេ​ថា ហេតុអ្វី​បាន​ជា​យើង​បាន​កោះ​ហៅ​អ្នក​ទាំង​ព្រហាម​នេះ?»
ព្រះរាជបុត្រ​បង្គំ​តប៖
«តើ​ព្រះវរបិតា​មាន​អ្វី​ជា​រាជ​បង្គាប់? ទូលព្រះបង្គំ​នឹង​អនុវត្ត​ដល់​ទី​បំផុត​នៃ​សមត្ថភាព!»
ទោះ​មាន​បន្ទូល​យ៉ាង​នេះ ប៉ុន្តែ​ព្រះរាជបុត្រ Zamaan កំពុង​ភិតភ័យ​ដែរ​ពី​រឿង​ត្រាស់​បង្គាប់​ឱ្យ​គ្រង​រាជ។
ព្រះបិតា​មាន​បន្ទូល​តប​វិញ៖
«យើង​មាន​បំណង​ចង់​រៀប​អភិសេក​បុត្រា​ឱ្យ​មាន​ជាយា តើ​បុត្រ​មាន​បន្ទូល​ដូច​ម្ដេច?»
Zamaan​ សែន​រំជួល​ចិត្ត ត្បិត​នេះ​ជា​ទម្ងន់​សេចក្ដីបញ្ជា​ដែល​បុត្រា​មិន​អាច​ទទួល​យក ទាំង​មិន​ដែល​បាន​ត្រៀមខ្លួន​ថា បិតា​នឹង​មាន​ព្រះរាជ​បំណង​ដូច្នេះ​ឡើយ។
រាជបុត្រ​នៅ​ស្ងៀមឈឹង មិនបាន​បដិសេធ​ថា​យ៉ាងណា តែ​បាន​បញ្ចេញ​នូវ​ភាព​ស្រងូត​របស់​ទ្រង់​ចេញ​ដោយ​ចំហ។
ព្រះមហាក្សត្រ​ដង្ហើម​ធំ បន្ទូល​កាត់​ផ្ដាច់​ការ​លំបាក​របស់​រាជ​បុត្រ៖
«បាន! ចូរ​រាជបុត្រ​យក​ពេលវេលា​គិត​លើ​ព្រះតម្រិះ​របស់​បិតា​សិន ហើយ​សឹម​ឆ្លើយ​ក៏​បាន!»
ពេល​រាជបុត្រ​បង្គំ​លា​ទៅ​ដោយ​ស្ងប់ស្ងាត់​ស្រពោន មហាក្សត្រ​បាន​បោយ​ដៃ​ហៅ​មន្ត្រី​ជំនិត​មក​ត្រាស់បង្គាប់​ថា៖
«នាយ​ឧបរាជ! ចូរ​លោក​ទៅ​ប្រឹក្សា​យោបល់​ល្អៗ​បំផុត បញ្ចុះបញ្ចូល​រាជបុត្រ​ឱ្យ​ខាន​តែ​បាន នៅ​ចុង​ឆ្នាំ​នេះ យើង​នឹង​រក​ស្ត្រី​រាជវង្ស ឬ​កូន​មន្ត្រី​អភិជន​គាប់​ព្រះទ័យ​ណា​ម្នាក់​មក​រៀប​ជា​គូ​ដល់​ទ្រង់!»
នាយ​ឧបរាជ​វេលា​សាយណ្ហ​បាន​ស្កាត់​ទៅ​ដល់​រាជ​ដំណាក់​ព្រះ​បុត្រា ដោយ​បង្គំ​ទូល​ថា៖
«រាជ​បុរស! ប្រសិន​ណា​បើ​ព្រះអង្គម្ចាស់​នៅ​តែ​មិន​សុខ​ព្រះទ័យ​នឹង​សំណើ​នៃ​អង្គ​រាជា​ ទូល​ព្រះបង្គំ​ជា​ខ្ញុំ​នឹង​រង​នូវ​ការ​និរាស​ដល់​ស្លាប់​ចោល​ក្រុម​គ្រួសារ​ជាក់​ជា​មិន​ខាន!»
ព្រះរាជ​បុត្រា​នៅតែ​ពុំ​មាន​បន្ទូល​តបត​មក​វិញ​ថា​យ៉ាងណា​ឡើយ ហើយ​យាង​ទៅ​ក្នុង​ក្រឡាបន្ទំ ទុក​ឱ្យ​នាយ​ឧបរាជ​នៅ​សំងំ​រង់ចាំ រហូត​ទាល់​តម្រិះ​ក៏​វិល​មក​រក​ម្ចាស់។ ព្រះរាជា​រឹងរឹត​តែ​សោយ​សោកា​ ទ្រង់​ចាប់​មាន​ព្រះរាជឱង្ការ​នឹង​មនុស្ស​ជំនិត​ថា៖
«ហៃ​នាយ​ឧបរាជ! តើ​ខ្ញុំ​អាច​ផ្ដល់​ឱ្យ​បល្ល័ង្ក​ទៅ​កូន​ប្រុស​របៀប​នេះ​ដែរ? តើ​គេ​មាន​ទុក​យើង​ជា​ឪពុក​ម្នាក់ ដូចដែល​ពួក​កូនប្រុស​នៃ​រាស្ត្រ​ទូទៅ ហោច​ណាស់ ពួកគេ​នោះ​តែង​ឱនលំទោន ព្រម​ស្ដាប់​តាម​បង្គាប់​មាតាបិតា គ្រាន់​ជាង​ស្ដេច​ម្នាក់​ដូច​យើង​នេះ? តើ​នេះ​ជា​បាបកម្ម​អ្វី​របស់​យើង?»
ឧបរាជ​ត្រិះរិះ ហើយ​ក៏​ទូល​តប​វិញ​ថា៖
«ការ​អត់ធ្មត់ គឺ​ធំ​ជាង​អ្វី​ទាំង​អស់! សូម​ព្រះអង្គ​មេត្តា​អត់ធ្មត់​សម្រាប់​មួយ​រយៈ​ពេល​សិន! ១​ឆ្នាំ​ទៀត​ក៏​មិន​ជា​យូរ ប្រហែល​ជា​ព្រះរាជបុត្រ​អាច​ចាស់ទុំ យល់​ការ​ផង​ទាំង​ឡាយ និង​យល់​ដល់​ទុក្ខ​ព្រួយ​នៃ​រាជមាតា​បិតា​ជាង​សព្វ​ថ្ងៃ!»
«យើង​ប្រហែល​គ្មាន​វិធី​អ្វី​ផ្សេង​ដែល​អាច​ប្រសើរ​ជាង​ការ​ទន្ទឹង​រង់ចាំ ទម្រាំ​ដល់​ពេល​វេលា​សមស្រប​នោះ​ចូល​មក​ដល់​នោះ​ឡើយ!»
ព្រះ​រាជា​តប​យ៉ាង​ដូច្នេះ​ហើយ ទ្រង់​ក៏​យល់​ស្រប​ឱ្យ​រង់ចាំ និង​ពន្យារ​ពេល​ដល់​មួយ​ឆ្នាំ​ក្រោយ។
ទោះបីជា​យ៉ាង​នេះ​ហើយ​ក្ដី ជា​ហូរហែ​មក ព្រះរាជា​កាន់តែ​អស់​ព្រះទ័យ​សង្ឃឹម​ថែម​ឡើង ព្រោះ​ពុំ​ឃើញ​ថា អង្គ​រាជ​បុត្រា​មាន​សញ្ញា​អ្វី​ប្រែប្រួល​គួរ​ឱ្យ​ចាត់​ទុក​ថា វិជ្ជមាន​ដូច​ពាក្យ​ឧបរាជ​នោះ​ផង។
ថ្ងៃ​មួយ នៅ​ពេល​ដែល​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ស្នើសុំ​ព្រះអង្គ​ម្ចាស់ Zamaan មក​ចូលរួម​ស្ដាប់​រាជកិច្ច​ ព្រះរាជបុត្រ​ក៏​នៅតែ​បដិសេធ​មិន​យល់​ព្រម។
ព្រះ​រាជា​យល់​ថា ទ្រង់​បាន​ទទួល​រង​ការ​អាម៉ាស់​គ្រប់​សព្វ​បែប​យ៉ាង អត់​ទ្រាំ​គ្រប់​សព្វ​បែប​យ៉ាង​ហើយ ដូច្នេះ​ព្រះអង្គ​បាន​ចេញ​រាជបញ្ជា​ដាច់​អហង្ការ​ទាំង​ក្រោធ​ពិរោធ​ថា៖
«ដោយសារ​ទោស​អកតញ្ញូ យើង​ចេញ​បញ្ជា​ឱ្យ​កង​សន្តិសុខ​នាំ​ព្រះរាជបុត្រ​ទៅ​ឃុំឃាំង​ក្នុង​ប៉ម​ចាស់ ហើយ​ចាក់សោ​ពី​ក្រៅ​ឱ្យ​ព្រះអង្គ​រំពៃ​គិត​សាជាថ្មី​នូវ​ទោសពៃរ៍​ផង ទម្រាំ​ព្រះអង្គ​យល់​រាក់​ជ្រៅ​ក្នុង​នាម​មនុស្ស​ប្រុស សឹម​គិតគូរ​រាជបញ្ជា​សាជាថ្មី!»
ព្រះរាជបុត្រ​ត្រូវ​បាន​បង្ខាំង​នៅ​លើ​បន្ទប់​ប៉ម​ដែល​មាន​គ្រែ​មួយ ទូ​កញ្ចាស់​មួយ កៅអី​មួយ ​សៀវភៅ​មួយ​ចំនួន និង​ទាសករ​ស្បែក​ខ្មៅ​ដ៏​ជំនិត​របស់​ទ្រង់។ ផ្ទុយ​ទៅ​វិញ រាជ​បុត្រា Zamaan កាន់​តែ​សប្បាយ​ចិត្ត ហើយ​យល់​ថា ទណ្ឌកម្ម​នេះ​បាន​ជួយ​ឱ្យ​ទ្រង់​មាន​សេរីភាព​ច្រើន​ឡើង​ពី​ការ​រុកកួន​ឃ្លាំ​មើល និង​តាម​ទូន្មាន​ទេសនា​មិន​ចេះ​ចប់​នៃ​ពពួក​មន្ត្រី​ជំនិត​ព្រះរាជា។
ជា​រៀងរាល់​ល្ងាច រាជបុត្រ​បាន​ជ្រើស​យក​ជំពូក​នីមួយៗ​នៃ​គម្ពីរ​កូរ៉ាន់ (Quraan) ដោយ​ដុត​ចង្កៀង​ប្រេង​សត្វ ទ្រង់​តែងតែ​ទម្លាប់​អាន រហូតដល់​ទន់​ត្របកភ្នែក​លង់លក់​ទើប​ឈប់។
ព្រះអង្គ​មិន​បាន​ដឹង​ឡើយ​ថា តាម​ពិត​នៅ​ក្នុង​ព្រៃ​ធំ​ក្បែរ​ប្រាសាទ​ប៉ម​ចាស់​ដែល​គេ​បោះបង់​ចោល​ជា​សំណល់​នៃ​រាជវង្ស​ជាប់​ពិន័យ​ជា​ច្រើន​តំណ​នេះ មាន​ទេពា​ព្រឹក្ស​មួយ​អង្គ​រស់នៅ​ថែរក្សា។
នាង​មាន​ឈ្មោះ​ថា Maimoon ដែល​អាច​បង្ហាញខ្លួន​តែ​ពេល​រាត្រី ដូច្នេះ​រៀងរាល់​យប់​នៅ​កណ្ដាល​អធ្រាត្រ ទេពា​ព្រឹក្ស​នេះ​បាន​ត្រាច់ចរ​ឡើង​មក​ស្វែងយល់​អំពី​ពិភពលោក​យ៉ាង​ទៀង​ទាត់។
នាង​បាន​ឃើញ​ពន្លឺ​មួយ​ថ្មី​បញ្ចេញ​មក​ពី​ក្នុង​បន្ទប់​នៃ​ប្រាង្គ​ដែល​ធ្លាប់តែ​ត្រូវ​គេ​បោះបង់ចោល។ កើត​ក្ដី​ចម្ងល់​ពន់​ពេក ក៏​ហោះ​មក​លប​មើល។
នៅ​ក្នុង​បន្ទប់​កម្សត់​មិន​មាន​ឃើញ​អ្វី ក្រៅ​តែ​ពី​បុរស​វ័យ​ក្មេង​ដ៏​ស្អាត​បំផុត​នៃ​ពិភពលោក​ដែល​ត្រូវ​រស់​រង​ឯកោ​ក្នុង​ទី​កខ្វក់​នេះ ធ្វើ​ឱ្យ​នាង​មាន​ចិត្ត​អាសូរ​ជា​ពន់ពេក ហើយ​គិតពិចារណា​តែ​អង្គ​ឯង​ថា៖
«ឱ​ធម្មជាតិ​ទាំងឡាយ​អើយ! តើ​កូនប្រុស​នេះ​បាន​ធ្វើ​អ្វី​ខុស ហេតុអ្វី​បាន​ជា​ព្រះមហាក្សត្រ​បាន​ផ្ដន្ទាទោស​ខ្លាំង​ថ្នាក់​នេះ​បាន?»
នាង​បាន​មក​លប​មើល​រាជបុត្រ​ជា​រៀងរាល់​យាម ហើយ​ទីបំផុត ទេពា​ព្រឹក្ស​មិន​អាច​កាត់ចិត្ត​អាណិត​នេះ​បាន​តទៅ​ទៀត នាង​ក៏​លួច​ថើប​ទ្រង់​ដោយ​ស្បថ​ថា៖
«កូន​អើយ! ម្ដាយ​នឹង​ជួយ​កូន​ឱ្យ​ចេញពី​ទុក្ខា​ជីវិត​នេះ!»
ថា​ដូច្នេះ​ដដែលៗ​រៀងរាល់​យប់ ទើប​នាង​ហោះ​ទៅ​ពួន​ក្នុង​ព្រៃ​ព្រឹក្សា​វិញ។
យប់​ចុង​ក្រោយនេះ បន្ទាប់ពី​បាន​ឈរ​គយគន់​ទ្រង់​លង់លក់​យ៉ាង​កម្សត់ ទេពា​ព្រឹក្ស​ហាក់​បាន​ឮ​សំឡេង​ស្លាប​រលាស់​ហើរ​នៃ​អ្នក​ណា​ផ្សេង​ដែល​ពុំ​មែន​ជា​អ្នក​ដែល​នាង​ធ្លាប់​ឃើញ។
នាង​បាន​ហើរ​ត្របាញ់​ឆ្ពោះ​ទៅ​រក​ទិសដៅ​នៃ​សំឡេង​នោះ ក៏បាន​រក​ឃើញ​អារក្ខ​មួយ​រូបរាង​ចម្លែក​ តែ​អាច​ហើរ​ហោះ​បោះពួយ​យ៉ាង​ពូកែ​ដោយសារ​មាន​ស្លាប​ធំ​មាំ។
Maimoon និង​អារក្ខ​បាន​ជជែក​ត្រូវរ៉ូវ​យក​គ្នា​ជា​មិត្ត។
បន្ទាប់ពី​បាន​សោយ​អាហារ​ធម្មជាតិ​នានា​មក អារក្ខ​បាន​អួត​ឡើង​ភ្លាម​ដែរ​ថា៖
«ហៃ​នាង​ទេពា​ព្រឹក្ស អ្នករក្សា​នៅ​ដែន​ព្រៃ​នេះ​តាំងពី​រាប់​រយ​ឆ្នាំ​មក​ហើយ បើ​ទោះ​ជា​ខ្ញុំ​ប្រាប់​អ្នក​នូវ​រឿង​មួយ​ដ៏​អស្ចារ្យ​របស់​ប្រទេស​ចិន​ដែល​ខ្ញុំ​បាន​ទៅ​ដល់ ក៏​អ្នក​ប្រហែលជា​មិន​ជឿ មិន​ស្រមៃ​ឃើញ​ដែរ​មើល​ទៅ!»
«តើ​ជា​អ្វី​ទៅ​ដែល​អារក្ខ​ឯង​មក​អួត​ដល់​យើង​បាន?!»
«អូ! គឺ​ជា​អ្វី​មួយ​ដ៏​ស្រស់​ស្អាត​ខ្លាំង​ណាស់!!»
Maimoon អន្ទះសា​បាន​និយាយ​វិញ​ថា៖
«ចូរ​កុំ​សាកសួរ​អ្វី​វែង​ឆ្ងាយ! គ្រាន់តែ​ប្រាប់​ខ្ញុំ​ពី​សេចក្ដី​ពិត​ស្រស់​ស្អាត​នោះ​មក​ឥឡូវ​នេះ​ភ្លាម បើ​មិន​ ដូច្នេះ​ទេ ខ្ញុំ​នឹង​កាត់​យក​ស្លាប​របស់​អ្នក!!»
អារក្ខ​ប្រញាប់​តប​វិញ​ដោយ​អំនួត​ថា៖
«នាង​ទេពា​ព្រឹក្សា​ដ៏​ឯកោ​អើយ! សេចក្ដី​ពិត​នោះ គឺ​ជា​ព្រះរាជាណាចក្រ​ដ៏​មាន​អនុភាព​មួយ​ដែល​នាង​មិន​ងាយ​បាន​ដឹង! ស្រី​ដ៏​មាន​រូបឆោម​ម្នាក់ ជា​រាជបុត្រី​នៃ​ព្រះមហាក្សត្រ Gaioor! ព្រះ​នាង​បា​ឌូ​រ៉ា​ដែល​ជា​កំពូល​សម្រស់​លើ​លោក​នេះ ឱ្យ​តែ​នាង​ចេញ​មក​ក្រៅ សត្វ​ស្លាប​ទាំង​ឡាយ​តែង​ចាញ់​សម្រស់ ហើយ​ស្រែកច្រៀង​កំដរ​ទ្រង់​អឺងកង! យើង​ជា​អារក្ខ​មិន​អាច​ចេះ​ពិពណ៌នា​អ្វី​ឱ្យ​អស់​នឹង​សម្បុរស្បែក​សក្បុស​របស់​នាង ដែល​នាំ​ឱ្យ​ព្រះវរបិតា​ស្រលាញ់​ព្រះ​នាង ទុក​បា​ឌូ​រ៉ា​ជា​ទ្រព្យ​មាន​តម្លៃ​បំផុត​នៃ​នគរ! ដើម្បី​ការពារ​ព្រះ​នាង​ពី​ពួក​បុរស​ល្មោភ​កាមគុណ​នានា ព្រះរាជា​បាន​សង់​វិមាន​ដ៏​អស្ចារ្យ​បំផុត​ចំនួន​៧​ជាន់​ដែល​ជា​សំណាក់​ដ៏​មាន​សុវត្ថិភាព និង​សោភណភាព​ដ៏​អស្ចារ្យ​សម្រាប់​នាង! វិមាន​ដំបូង​គឺ​ធ្វើ​អំពី​គ្រីស្តាល់ ទី​ពីរ​គឺ​ប្រាសាទ​ទង់ដែង ទី​បី​ដែកថែប ទី​បួន​លង្ហិន ទី​ប្រាំ​ថ្លើម​ថ្ម ទី​ប្រាំ​មួយ​សាង​អំពី​ប្រាក់ និង​ទី​ប្រាំពីរ​ដែល​ព្រះ​នាង​រស់នៅ​នែបនិត្យ​គឺ​ប្រាសាទ​មាស!»
ឈប់​បាន​បន្តិច អារក្ខ​បន្ត​ពំនោល​ប្រាប់​មិត្ត​ទៀត​ថា៖
«ដោយ​ភាព​ល្បី​នៃ​ទ្រព្យសម្បត្តិ​របស់​ព្រះ​នាង ក៏​មាន​អង្គ​ម្ចាស់​នៃ​ប្រទេស​ជិតខាង​​ជា​ច្រើន​បញ្ជូន​ឯកអគ្គរាជទូត ស្នើសុំ​ចងមេត្រី​ស្ដី​ដណ្ដឹង តែ​ព្រះ​នាង​ពុំ​ដែល​ពេញ​ព្រះ​ទ័យ​នឹង​អ្នក​ណា​ទាល់​តែ​សោះ! រាជា​ទៀត​សោត ទ្រង់​ក៏​មិន​ចង់​បង្ខំ​ព្រះរាជ​បុត្រី ក៏​តែង​បណ្ដេញ​រាល់​ឯកអគ្គរដ្ឋទូត​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ! ប្រការ​នេះ​ចេះ​តែ​កើតមាន​ហូរហែ រហូតដល់​មាន​ពាក្យ​ចចាមអារ៉ាម​ពេញ​នគរ​ថា​ ព្រះ​នាង​នឹង​នៅ​ព្រៅ​ពេញ​មួយ​ព្រះជន្ម! ព័ត៌មាន​នេះ​ធ្វើ​ឱ្យ​រាជបិតា​ខ្ញាល់​ជា​ពន់ពេក! គាប់​ជួន​មាន​ការ​ចាក់រុក និង​បាន​ឱកាស​រិះគន់​ពេញ​ក្នុង​ញាតិកា រាជវង្ស​ដែល​តែងតែ​ពេញ​ដោយ​ក្ដី​ច្រណែន​ឈ្នានីស​ផង ព្រះអង្គ​បាន​បង្គាប់​ឱ្យ​អាមាត្យ​បិទ​ទ្វារ​ប្រាសាទ​របស់​ព្រះ​នាង ហើយ​ឱ្យ​រស់​នៅតែ​ពីរ​នាក់​តទល់​នឹង​ស្នំ​វ័យ​ស្របាល​ម្នាក់ មិន​ឱ្យ​មាន​អ្នក​រាប់អាន​ឡើង​ចុះ លុះ​ត្រា​ព្រះ​នាង​ប្ដូរ​គំនិត​ឈប់​គេច​ពី​មនុស្ស​ប្រុស!»
ទេពា​ព្រឹក្ស Maimoon ស្ដាប់​តាមដាន​ទើរ​ត្រង់​នេះ​ក៏​លាន់មាត់​ដោយ​ភ្ញាក់ផ្អើល​ថា៖
«អូ! សឹង​ថា​ដូចគ្នា​ពេក​ហើយ! រឿង​របស់​អារក្ខ​ឯង និង​សេចក្ដី​ពិត​មួយ​កំពុង​កើត​មាន​ឡើង​ក្បែរ​ព្រៃ​របស់​យើង! មាន​អី​នៅ​សល់​មិន​ទាន់​ប្រាប់​យើង​ទេ? ឆាប់​រៀបរាប់​ឱ្យ​អស់​សេចក្ដី​មក​រ៉ា!»
អារក្ខ​ផ្ដើម​រៀបរាប់​បន្ត​ថា៖
«ព្រះ​រាជបិតា​បាន​ចេញ​សេចក្ដី​ប្រកាស​ថា រាជបុត្រី​សព្វព្រះទ័យ​បំផុត​នៃ​ទ្រង់​បាន​អភព្វ​ឆ្កួត​ទៅ​ហើយ​ ប្រសិន​ថ្ងៃ​មុខ មាន​អ្នកណា​ដែល​ពូកែ​ដល់​ថ្នាក់​នឹង​អាច​ព្យាបាល​ជំងឺ​របស់​នាង គេ​នោះ​នឹង​មាន​សិទ្ធិ​បាន​រៀប​អភិសេក​ជា​រាជសុណិសា រួម​កាយា​មួយ​នាង! Miamoon នាង​ដឹង​ដែរ​ទេ? ខ្ញុំ​មាន​ការ​អាល័យ និង​សោកស្ដាយ​ខ្លាំង​ណាស់​សម្រាប់​ក្មេង​ស្រី​ម្នាក់​នេះ! ខ្ញុំ​បាន​ហោះ​ទៅ​រៀងរាល់​ថ្ងៃ​ដើម្បី​គន់​មើល​ឃើញ​ពី​ភាព​ស្រស់​ស្អាត គ្មាន​អ្វី​ប្រៀបផ្ទឹម​នេះ​របស់​នាង!»
Maimoon ស្ដាប់​ចប់​កាលណា សើច​រំពង​ព្រៃ​ព្រឹក្សា ហើយ​វាចា​តប៖
«អារក្ខ​កម្លៅ​អើយ! យើង​ស្មានថា​ឯង​នឹង​តំណាល​ប្រាប់​ខ្ញុំ​ពី​អ្វី​មួយ​ដ៏​អស្ចារ្យ​ណាស់ ប៉ុន្តែ​នេះ​ជា​រឿង​របស់​ស្ត្រី​ឆ្កួត​ម្នាក់ ហើយ​សរសើរ​គេ​ថា​ស្អាត! ចុះបើ​ខ្ញុំ​នាំ​ឯង​ទៅ​ឃើញ​ព្រះអង្គម្ចាស់​ដ៏​សង្ហា​ឥត​បី​របស់​ខ្ញុំ​វិញ!?»
«តើ​ព្រះអង្គម្ចាស់​ណា​មួយ​ទៅ​ដែល​ទេព​ព្រឹក្ស​កំពុង​និយាយ?»
«អូ! អារក្ខ​អើយ! រឿងរ៉ាវ​របស់​ព្រះអង្គម្ចាស់​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ព្រះ​នាង​របស់​ឯង! នេះ​មិន​មែន​ការ​ជជែក​វែកញែក​អំពី​សម្រស់​នៃ​ក្សត្រ​ទាំងពីរ​នោះ​ទេ ប៉ុន្តែ​យើង​សង្ស័យ​ពី​និស្ស័យ​របស់​ពួកគេ​ ក្រែង​បាន​សន្យា​អ្វី​នឹង​គ្នា​កាលពី​ជាតិមុន! បើ​ពិត​ជា​ពាក្យ​អារក្ខ​ឯង​មិន​បាន​កុហក​បោកប្រាស់​មែន​ ចូរ​ឯង​ចាត់ការ​យប់​នេះ​តែ​ម្ដង! គឺ​ឯង​ហោះ​ទៅ​នាំ​យក​ព្រះ​នាង​តូច​នោះ​ទាំង​មិន​ដឹង​ខ្លួន មក​ទម្លាក់​នៅ​ក្នុង​ព្រះ​ក្រឡា​នៃ​ព្រះអង្គម្ចាស់​របស់ខ្ញុំ! បន្ទាប់​មក វា​នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​យើង​ក្នុង​ការ​ធ្វើការ​ប្រៀបធៀប​ថា អង្គ​ណា​ស្អាត​ជាង​អង្គ​ណា ឬ​សម​ថា​ពីរ​អង្គ​នេះ​ពិតជា​គូ​តាំងពី​ព្រេងនាយ​មក! តែ​បើសិនជា​ព្រះអង្គម្ចាស់​ក្សត្រី​របស់​អ្នក​ស្រស់​ស្អាត​ជាង​ព្រះអង្គម្ចាស់​របស់ខ្ញុំ ខ្ញុំ​នឹង​ព្រម​ឱន​កាយ​ធ្វើ​ជា​អ្នក​ក្រោម​អំណាច​ឯង តែ​បើ​ឯង​ចាញ់​វិញ ក៏​បម្រើ​យើង​ដូចគ្នា​វិញ! តើ​ឯង​យល់ព្រម​ទេ អារក្ខ?»
ថា​ចប់ ពួកគេ​ឈាន​ដល់​កិច្ចព្រមព្រៀង ហើយ​នាង​ទេព្ដា​បាន​បង្ហាញ​មិត្ត​ពី​ប្រាង្គ​ចំណាស់​ដែល​ជា​កន្លែង​អារក្ខ​ត្រូវ​នាំ​យក​ម្ចាស់​ក្សត្រី​តូច​របស់​គេ​មក​ឱ្យ​បាន​នា​វេលា​យប់​នេះ។
អារក្ខ​មាន​ជំនឿ​ពេក​ទៅ​លើ​សម្រស់​នៃ​ព្រះ​នាង​តូច គេ​ក៏​បាន​ឯកភាព​ជាមួយ​នឹង​សំណើ Maimoon ហើយ​បាន​រង់ចាំ​អន្ទះសា​នឹង​អាល​វេលា​រាត្រី ក៏​ទៅ​សណ្ដំ​នាំ​យក​ព្រះ​នាង​ស្ទើរ​តែ​ភ្លាម​មក​កាន់​គោលដៅ ហើយ​អ្នក​មាន​សិល្ប៍​ទាំង​ទ្វេ​បាន​ដាក់​ព្រះ​នាង​ផ្ទំ​នៅ​ក្បែរ​ព្រះអង្គម្ចាស់។
អ្នក​ទាំងពីរ​បាន​សម្លឹង​ទៅ​ព្រះអង្គម្ចាស់ និង​ម្ចាស់​ក្សត្រី ប៉ុន្តែ​មិន​អាច​ឈាន​ដល់​ការ​សន្និដ្ឋាន​ណា​មួយ​ថា អ្នក​ណា​ស្រស់​ជាង​អ្នកណា! ដូច្នេះ​ពួកគេ​បាន​ព្រមព្រៀង​ស្វែងរក​ហៅ​អាជ្ញា​កណ្ដាល​មួយ​ មក​ធ្វើការ​សម្រេចចិត្ត​ជំនួស។
Maimoon បាន​ស្រែក​ថា៖
«អូ! លើ​ផែនដី​អើយ ធ្មប់​ស្នែង​ប្រាំ​ដែល​កំពុង​ដេក​ស្រមុក​នៅ​ឯ​ជាយ​ព្រៃ ចូរ​បង្ហាញ​​ខ្លួន!»
ធ្មប់​មួយ​ដែល​ពិត​ជា​មាន​ស្នែង​ស្រួច​ចំនួន​៥​នៅ​ពី​លើ​ក្បាល​បាន​បង្ហាញ​ខ្លួន។ Maimoon ពន្យល់​ថា​គាត់​ឈ្មោះ Kaashkaash ហើយ​វាចា​ទៀត​ថា៖
«ហៃ Kaashkaash! ទុក​ណា​ជា​ឯង​ជា​ធ្មប់ តែ​យើង​ជឿ​ថា បេះដូង​ឯង​នៅ​អាច​ចែក​ដឹង​ថា តើ​កូនស្រី​របស់​គេ និង​កូនប្រុស​ម្នាក់​នេះ ម្នាក់​ណា​ទើប​ជា​កំពូល​នៃ​សម្រស់​លើ​លោក?»
ធ្មប់​មើល​ចុះ​ឡើងៗ តែ​គាត់​ក៏​មិន​អាច​សម្រេច​ចិត្ត ប៉ុន្តែ​បាន​ស្នើ​ថា៖
«Maimoon អើយ! ពួកគេ​គួរតែ​ត្រូវ​ភ្ញាក់​ឡើង​បញ្ចេញ​ការប្រព្រឹត្ត​របស់​ពួកគេ ទើប​យើង​អាច​រក​អ្នក​ដែល​គួរ​ឱ្យ​ស្រលាញ់​ក្នុងចំណោម​នេះ​បាន!»
អ្នក​ទាំង​ពីរ​ញញឹម ព្រោះ​ពេញ​ចិត្តនឹង​សំណើ​នេះ ដូច្នេះ Maimoon បាន​តប​ភ្លាម​ថា៖
«អូ! យើង​យល់​ថា​ត្រឹមត្រូវ ចូរ​ចាំ​បន្តិច!»
នាង​បាន​កាឡាខ្លួន​ទៅ​ជា​សត្វល្អិត ហើយ​ទិច​នៅ​លើ​កញ្ចឹងក​ព្រះអង្គម្ចាស់ ដូច្នេះ​ហើយ ទ្រង់​បាន​តើន​មមី​ឡើង។
ដូច​គ្នា​នេះ ធ្មប់​និង​អារក្ខ​ក៏បាន​កាឡា​ជា​សត្វល្អិត​ផង​ដែរ គឺ​មុន​ពេល​ព្រះអង្គម្ចាស់​បើក​ព្រះ​នេត្រ​ឡើង។
រាជ​បុត្រា Zamaan ដែល​បាន​តើន​ឡើង​ទាំង​បង្ខំ​កណ្ដាល​រាត្រី ទ្រង់​បាន​ក្រឡេក​មក​ឃើញ​ព្រះ​នាង​នៃ​ប្រទេស​ចិន​នៅ​បិទ​ព្រះ​នេត្រ​យ៉ាង​ល្អ​ឯក​ដូច​គំនូរ​នៅ​ក្បែរ​ទ្រង់។ សូម្បី​ក្លិនក្រអូប​ដែល​ព្រះ​នាង​នាំ​មក​បាន​ហើរ​ត្របាញ់​ស្រោប​ពាសពេញ​ប្រាង្គ​ដ៏​ចាស់​បុរាណ​នេះ។
រាជ​បុត្រា​ពិត​ជា​មានការ​រំភើប​ភ្ញាក់ផ្អើល ហើយ​បេះដូង​ទ្រង់​លោត​ញាប់​ដែល​ពុំ​ធ្លាប់​បាន​ឃើញ​ភាព​ស្រស់​ស្អាត​ដ៏​ពិសេស​បំផុត មិន​ធ្លាប់​ជឿ​ឡើយ​ថា នាង​ជា​កម្មសិទ្ធិ​នៃ​ពិភពលោក​នេះ សមតែ​ជា​ទេពអប្សរ​ចេញពី​ក្នុង​គម្ពីរ​ឬ​សៀវភៅ។
«ព្រះ​នាង​ស្រស់​ស្អាត​ណាស់! យើង​ពិត​ជា​មិន​អាច​ឃាត់​ចិត្ត​ក្នុង​ការ​ចង់​ថើប នៅ​ជិត​ស្បែក​ម៉ត់​របស់​នាង​ឡើយ!»
ព្រះអង្គ​ថា​ដូច្នេះ​ហើយ ទើប​ឱន​ទៅ​ថើប​ថ្ពាល់​រាជធីតា​មួយ​ខ្សឺត​យ៉ាង​ស្រទន់។
សកម្មភាព​នេះ​ធ្វើ​ឱ្យ​ព្រះ​នាង​តើន​ឡើង​សន្សឹមៗ ហើយ​ក្រឡេក​ឃើញ​រាជ​បុត្រា​ញញឹម​ក្បែរ​ភក្ត្រ ព្រះ​នាង​ក៏​នៅ​ភ្លឹក​ក្រោក​មិន​បាន និយាយ​អ្វី​មិន​ចេញ តែ​ព្រះ​នាង​បាន​ឈ្វេង​គិត​ដល់​រឿង​ជា​ច្រើន។
«អូ! ម្ចាស់​ខ្ញុំ​អើយ! តើ​បុរស​ដ៏​ស្រស់​ស្អាត​នេះ​មក​ពី​ណា? ហេតុអ្វី​គេ​ឆ្លង​ប្រាសាទ​ទាំង​៧​ចូល​ដល់​យើង​បាន? ឬ​មួយ​ជា​រាជតម្រិះ​នៃ​បិតា? ចុះ​ម្ដេច​លោក​ពុក​មិនដែល​បាន​បង្ហាញ​ពី​មុន​មក​សោះ​ថា រាជសុណិសា​សង្ហា​ជាង​ទេវតា​បែប​នេះ? វា​ជា​កំហុស​របស់​កូន​ដែល​មិន​ព្រម​យក​ប្ដី តើ​ពេល​នេះ​វា​ហួស​ពេល​ដែរ​ទេ?»
ឃើញ​ព្រះ​នាង​នៅ​ភ្លឹក ព្រះអង្គម្ចាស់​ចរចា​បង្ហាញ​ចិត្ត​ស្នេហា​ថា៖
«ឱ​ស្រី​ស្ថានសួគ៌​អើយ! បង​នេះ​ហើយ​ចុះចាញ់​ស្រលាញ់​ទ្រាំ​មិន​បាន! នេះ​ជា​ចិញ្ចៀន​ដែល​រៀម​មាន​មក​តាំងពី​ព្រេង! ចូរ​ស្រី​ព្រម​រក្សា​វា ហើយ​យក​ម្ចាស់​វា​ជា​គ្នា​រហូត​ទៅ!»
រាជបុត្រី​មិន​និយាយ​អ្វី ប៉ុន្តែ​ព្រម​ឱ្យ​ទ្រង់​បំពាក់​ព្រះ​ទម្រង់​ស្នេហ៍​នៅ​លើ​ម្រាមដៃ​ខ្លួន ហើយ​ជា​ការ​តបស្នង ព្រះ​នាង​ក៏​បាន​ឱ្យ​ទម្រង់​ព្រះ​នាង​ដូរ​ទៅលើ​ដៃ​អង្គ​ម្ចាស់ Zamaan វិញ។ ប្រុស​ស្រី​ទាំង​ពីរ​បាន​ឱប​រឹត​ដោយ​ក្ដី​ស្នេហា រហូត​ដល់​គេង​លង់លក់​សាជាថ្មី​ទាំង​ញញឹម​ប្រិមប្រិយ​មាន​សង្ឃឹម​ក្នុង​ជីវិត។
ពេល​នោះ Maimoon បាន​បង្ហាញ​ខ្លួន ហើយ​ស្រែក​ឡើង​ថា៖
«ពួក​គេ​ពិត​ជា​គូ​ហើយ!»
ធ្មប់​ក៏​និយាយ​ដែរ​ថា៖
«បើ​ជា​គូ​ត្រូវ​ឱ្យ​គេ​សាកល្បង​នឹង​ការ​លំបាក​ខ្លះ​ដែរ!»
អារក្ខ​ក៏​ងក់ក្បាល ហើយ​និយាយ​ថា៖
«ឱ​ផែនដី​ដ៏​សក្ដិ​សិទ្ធិ យើង​សុំ​ឱ្យ​ពីរ​អង្គ​នេះ​មិន​អាច​បំភ្លេច​រាត្រី​នេះ​ជា​រៀង​រហូត តែ​យើង​នឹង​បំបែក​ពួកគេ​ចេញ! ដរាប​ណា គេ​ពិត​ជា​មាន​និស្ស័យ​ដូច​សម្ដី Miamoon គេ​នឹង​រក​ឃើញ​គ្នា ដោយ​មធ្យោបាយ​របស់​គេ!»
ថា​ចប់ អារក្ខ​ក៏​បាន​លើក​បី​ព្រះ​នាង​វិល​ទៅ​កាន់​ព្រះរាជ​នគរ​វិញ។
ព្រហាម​កាល​ណា ព្រះអង្គម្ចាស់​បាន​តើន​ឡើង។
ទ្រង់​ងាក​មក​រក​ព្រះ​នាង​ភ្លាម ព្រោះ​ចិត្ត​ដក់​ជាប់​ចងចាំ​អំពី​ស្នេហា​ដ៏​ជ្រាលជ្រៅ​កាលពី​យប់មិញ ប៉ុន្តែ​ឥឡូវនេះ នាង​មិន​ឃើញ​នៅ។ ព្រះរាជ​បុត្រា Zamaan បាន​ចាប់ផ្ដើម​រុករក​មើល​នាង​ពេញ​ផ្ទៃ​បន្ទប់។
នៅ​ពេល​ដែល​មិន​បាន​ឃើញ ព្រះអង្គ​កើត​ចំបែង​ចិត្ត ហើយ​គិត​ថា វា​ជា​ល្បិចកល​នៃ​វរបិតា។
ទ្រង់​បាន​លាង​សម្អាត​ព្រះ​ភក្ត្រ ហើយ​ស្រែក​ហៅ​ទាសករ​ពី​ក្រៅ​បន្ទប់​មក​ថា៖
«ឱ​ទាសករ​ដ៏​ល្អ! តើ​អ្នកមាន​ឃើញ​ស្ត្រី​ទេព​សម្រស់​ម្នាក់​បាន​ចូល​មក​ផ្ទំ​នៅ​ទីនេះ​ដែរ​ទេ កាល​ពី​យប់? ព្រោះ​ថា​យើង​បាន​ឃើញ​ព្រះ​នាង និង​បាន​ទាំង​ប្រលោម​ថ្នម ប៉ុន្តែ​ឥឡូវនេះ ព្រះ​នាង​បាន​បាត់បង់​ទៅ​ដោយ​គ្មាន​ស្រដី​អី​មួយ​ពាក្យ​ណា?»
ប៉ុន្តែ​ទាសករ​ស្បែក​ខ្មៅ​បាន​គ្រវីក្បាល​ក្នុង​ភាព​ងឿងឆ្ងល់​យ៉ាង​ខ្លាំង។ ដោយ​ចិន្តា​រែង​អន្ទះសា​ ព្រះអង្គម្ចាស់​បែរ​ជា​ព្រះតម្រិះ​ថា ទ្រង់​ត្រូវ​បាន​គេ​រួមគ្នា​និយាយ​កុហក​បោក​បញ្ឆោត​ទៅ​វិញ។
ព្រះអង្គ​បាន​ចង​ព្រះ​កាយ​ជាមួយ​ខ្សែពួរ​មួយ ហើយ​បាន​លោត​ទៅ​ក្នុង​ទឹក ធ្វើ​ឱ្យ​ទាសករ​ស្រែក​ទ្រហោ​យំ។
ព្រះអង្គ​ព្រមាន​ថា៖
«យើង​នឹង​ទម្លាក់​ព្រះ​កាយ​ឱ្យ​លង់ទឹក​ដល់​សុគត បើ​ឯង​និង​អ្នក​ក្នុង​វាំង​មិន​ប្រាប់ ឬ​នាំ​នាង​នាថ​មក​ឱ្យ​យើង!»
ខ្ញុំ​បម្រើ​នោះ​ក៏​រត់​ត្របាញ់​ទៅកាន់​ខ្លោងទ្វារ​រាជវាំង ហើយ​ចូល​គាល់​ព្រះរាជ​បិតា។
ស្ដេច Sultaan បាន​ព្រះ​សណ្ដាប់​ការណ៍​សព្វ​យ៉ាង​នេះ​ពី​មាត់​ខ្ញុំបម្រើ​ដែល​យំសោក​នោះ ព្រះអង្គ​ជឿ​ថា ពិតជា​មាន​ហេតុភេទ​ចម្លែក​ណាមួយ​កើតមាន​ក្នុង​ប្រាសាទ​ចាស់​នោះ​ពុំលែង។
ដូច្នេះ ព្រះ​ចៅ​បាន​កោះ​សវនាការ ចាត់​ឱ្យ​មន្ត្រី​ឧបរាជ​ដើម្បី​ស្វែងយល់​អំពី​ការពិត​មួយ​នោះ។
ពេល​មន្ត្រី​ឧបរាជ​មក​ដល់ គឺ​ឃើញ​រាជ​បុត្រា​អង្គុយ​ក្បែរ​ប្រាង្គ​ប្រាសាទ​ក្នុង​សភាព​ស្ងប់ស្ងាត់ ដោយ​ពុំ​បាន​អាន​សៀវភៅ​នៅ​លើ​គ្រែ​ដូច​រាល់​ដង​ឡើយ។ ឧបរាជ​ចូល​បង្គំ​ហើយ ព្រះរាជបុត្រ​នៅ​តែ​ពុំ​បែរ​មក​មើល រហូតដល់​គាត់​ទូល​សួរ​ព្រះរាជ​បុត្រា​ថា៖
«ព្រះអង្គម្ចាស់​អើយ! ម្ដេច​ឡើយ​ក៏​ទ្រង់​ដាច់​ព្រះទ័យ​ដាក់ទណ្ឌកម្ម​ខ្ញុំ​ឱ្យ​ដាច់​ក្បាល​ចោល​កូន​និង​ភរិយា!? តើ​ខ្ញុំ​ទៅ​រក​ស្រី​ទេព​នោះ​ឯណា​ថ្វាយ​ទ្រង់​បាន?»
រាជបុត្រ​នៅតែ​បន្ត​កើត​ពិរោធ ហើយ​តប​ថា៖
«គឺ​ជា​គំនិត​ដ៏​អាក្រក់​ក្នុង​កលល្បិច​របស់​លោក?»
ឧបរាជ​បង្គំ​ទូល​ទាំងអស់​សង្ឃឹមថា៖
«បើ​អ្វីៗ​ដែល​ទាសករ​ស្បែក​ខ្មៅ​រៀបរាប់​ជា​ការ​ពិត វា​នៅតែ​មិន​សម គឺ​ដូចជា​ទ្រង់​កំពុង​និទាន​រឿង​ ហើយ​ធ្វើបាប​ឧបរាជ​កញ្ចាស់​ម្នាក់​នេះ​តែប៉ុណ្ណោះ!»
រាជ​បុត្រា​តបត៖
«ហៃ​ឧបរាជ! មិន​ពិត​ឬ​ពិត ពេលនេះ​យើង​អត់​ខ្វល់ ហើយក៏​មិន​រង់ចាំ​វែកញែក! យើង​គ្រាន់តែ​សួរ​អ្នក​ថា ស្ត្រី​តូច​បវរ​ម្នាក់​ដែល​ជា​ព្រះ​នាង​ត្រូវ​បាន​រាជវាំង​បញ្ជូន​មក​ឱ្យ​យើង​ដល់​ទីនេះ​កាលពី​យប់មិញ​ ពេល​នេះ​​​នៅ​ឯ​ណា?»
ឧបរាជ​កាន់តែ​ភ្ញាក់ផ្អើល ហើយ​លួច​គិត​ថា តើ​រាជ​បុត្រា​រស់​ឯកា​ដល់​មាន​រោគ​វិកល​ឬ​អ្វី? ប៉ុន្តែ​លោក​មិន​អាច​បន្លំ គេច​មិន​ឆ្លើយតប​បាន​នោះ​ឡើយ៖
«ព្រះអង្គម្ចាស់​នៃ​ខ្ញុំ! តើ​ទ្រង់​តម្រិះ​ថា វា​គឺជា​ការ​ដែល​អាច​ធ្វើ​បាន​ដែរ​ទេ ដែល​ស្ត្រី​ណា​ម្នាក់​ហ៊ាន​ដើរ​កាត់​ព្រៃ​ចូល​មក​កាន់​ប្រាង្គ​ដែល​គេ​បោះបង់​ចោល​នេះ ហើយ​ឡើង​មក​រក​ទ្រង់? តើ​នាង​ជា​ខ្មោច​ឬ​ទេព្ដា​បាន​ជា​អាច​ចូល​ទាំង​ទ្វារ​ចាក់សោ ហើយ​ដើរ​កន្លង​លើ​រាងកាយ។
ខ្ញុំ​បម្រើ​ស្បែក​ខ្មៅ​ដែល​ដេក​ច្រងាង​ពាំង​ទ្វារ​នោះ? ខ្ញុំ​ប្រាកដ​ណាស់​ថា អ្វី​ដែល​ទ្រង់​បាន​ចងចាំ​នេះ​ ត្រឹម​តែ​ជា​សុបិន​មួយ​នោះ​ហើយ!»
ព្រះអង្គម្ចាស់​ក្រោកឈរ​វឹង ហើយ​និយាយ​តប​ដោយ​កំហឹង​វិញ៖
«ឱ​នាយ​ឧបរាជ​ដ៏​ល្ង​ង​ខ្លៅ​នេះ កោតតែ​អ្នក​ជឿ​ថា រាជបុរស​ម្នាក់​ពេញ​ដោយ​ចំណេះ​ដូច​យើង​ មិន​អាច​សូម្បីតែ​ស្គាល់​ថា អ្វី​ទៅ​ជា​ការ​ពិត ហើយ​និង​អ្វី​ទៅជា​សុបិន? ខ្ញុំ​មិន​ចង់​ឮ​អ្វី​ទាំងនោះ​ដែល​មាន​តម្លៃ​ត្រឹមតែ​ជា​ល្បិចកល​នោះ​ទេ! ការងារ​របស់​លោក គឺ​គ្រាន់តែ​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​នាង ហើយ​អ្នក​ណា​យក​នាង​ទៅ​ណា​ចោល​យើង? តើ​គេ​មិន​ខ្លាច​ទោស​ទេ​ឬ​អ្វី? ចូរ​អ្នក​ទៅ​ទូល​រាជបិតា​មាតា​យើង​ឱ្យ​ឈប់​ធ្វើ​ល្បិច​នេះ​ទៅ! ទូល​ទ្រង់​ថា ប្រសិន​បើ​ឃើញ​ព្រះ​នាង​ពេល​ណា​ យើង​នឹង​ព្រម​អភិសេកព្រះ​នាង ព្រមទាំង​កាន់​កាប់​រាជកិច្ច​ទាំងពួង​យ៉ាង​ឆាប់រហ័ស!»
ឧបរាជ​សប្បាយ​ឥតឧបមា ទោះ​មិន​ដឹង​ថា ស្រី​ទេព​នោះ​នៅ​ឯ​ណា ក៏​លោក​គិត​ចុះ​ឡើង ហើយ​ទើប​ស្នើសុំ៖
«បើ​ពិត​ជា​ពុំ​មែន​សុបិន សូម​រាជ​បុត្រា​មេត្តា​ព្រម​រំឭក​ពី​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​យប់​ម្សិល​មិញ​ផង​ក្រាប​ទូល!»
លុះ​ស្ដាប់​ចប់ លោក​មន្ត្រី​បាន​ក្រោក​ទៅ​ពិនិត្យ​លើ​ទែនសយនា ហើយ​រត់​មក​ទូល​អង្គ​មហាក្សត្រ​ថា៖
«ព្រះអង្គ​អើយ! ពិត​ជា​មាន​ស្រី​ណា​ម្នាក់​បាន​ចូល​ដល់​ក្រឡា​នៃ​ព្រះរាជបុត្រ​ពិតមែន ពុំ​នោះ​ហេតុអ្វី​ខ្ញុំ​ ព្រះអង្គ​បាន​ឃើញ​មាន​សល់​ក្លិន​មនុស្ស​ស្រី​ដ៏​ពិសេស​ដូចជា​រាជិនី​នៃ​នគរ​ថ្កុំថ្កើង​ដោយ​ប្រេង​ក្រអូប​ណា​មួយ​ពុំខាន!»
រាជា​សណ្ដាប់​ហើយ បាន​សម្រេច​ចិត្ត​ចេញ​បញ្ជា​ឱ្យ​មន្ត្រី​ដ៏​ជំនិត​រូប​នេះ​ស្វះ​ស្វែងរក​ការ​ពិត​ឱ្យ​ឆាប់​បំផុត។
«យើង​នេះ​ហើយ​ក៏​ចង់​យាង​ផ្ទាល់​ទៅ​ពិនិត្យ​នៅ​បន្ទប់​ប៉ម​នោះ​ម្ដង​ទៀត!»
មហាក្សត្រ​បាន​យាង​ទៅ រួម​ជាមួយ​នាយ​ឧបរាជ​របស់​ទ្រង់ ក៏​ឃើញ​ថា ទីនេះ​សេសសល់​ក្លិន​មនុស្ស​ស្រី​ប្រើ​ខ្លឹមចន្ទន៍​ចម្លែក ពុំ​ដែល​មាន​នៃ​នគរ​នេះ។ ព្រះអង្គ​បាន​សួរ​សំណួរ​ជា​ច្រើន​ដល់​កូនប្រុស​ ដូច​ជា​ភិនភាគ សម្បុរស្បែក និង​ថា​តើ​បាន​និយាយ​ចរចា​ពី​រឿង​អ្វីខ្លះ​ជាមួយ​នឹង​នារី​នោះ?។
ពេល​ដែល​រាជ​បុត្រា​ទូល​តប​វិញ ទ្រង់​ហាក់​បាន​បង្ហាញ​មក​ជា​មួយ​នូវ​អារម្មណ៍​សប្បាយ​ស្រស់ថ្លា​ និមិត្ត​តែ​បាន​រំឭក​អំពី​នាង។
ស្នាមញញឹម​ដែល​បិតា​សម្គាល់​ឃើញ គឺ​ទ្រង់ Zamaan មាន​អារម្មណ៍​របស់​​​ល្អឥតខ្ចោះ ពេល​រឭក​ពី​រាត្រី​ស្នេហា​នោះ។
«បុត្រា​ពិតជា​មាន​ស្នេហា​ពិតមែន​ហើយ!»
ទ្រង់​ពិចារណា​តែ​អង្គ​ឯង ហើយក៏​ងាក​មក​បន្ត​សួរ​លំអិត​អំពី​នារី​នោះ​បន្ថែម​ទៀត ប៉ុន្តែ​លើក​នេះ​រាជ​បុត្រា​បាន​តវ៉ា៖
«ឱះឱ​បិតា​នៃ​ខ្ញុំ! ខ្ញុំ​ជា​បុត្រ​ពិត​ជា​មិន​ចង់​និយាយ​អំពី​នាង​ទៀត​ទេ ខ្ញុំព្រះករុណា​គ្រាន់តែ​ចង់​រៀបការ​ជាមួយ​នាង!»
ព្រះមហាក្សត្រ​បាន​តប​វិញ​ថា៖
«យើង​សូម​ស្បថ​ក្នុងនាម​ព្រះ​ជា​ម្ចាស់! យើង​ពិតជា​មិន​មាន​នៅ​ពី​ក្រោយ​ល្បិច​នាំ​នាង​ណា​ម្នាក់​មក​កាន់​ទីនេះ​ជា​ដាច់​ខាត តើ​នឹង​ឱ្យ​អ្នក​ដទៃ​ជឿ​ថា បុត្រា​ដ៏​ល្អ​នៃ​យើង​មិនបាន​ឆ្កួត​វង្វេង ព្រោះតែ​សុបិន​ដូច​ម្ដេច​នឹង​បាន?!»
ព្រះរាជ​បុត្រា​បាន​លើក​ព្រះ​ទម្រង់​មក​ខ្ពស់​ចំ​ព្រះ​ភក្ត្រ​វរបិតា៖
«ចិញ្ចៀន​របស់​នាង ក៏​បាន​នៅ​លើ​ម្រាមដៃ​របស់​យើង​ទៅ​ហើយ គឺ​យើង​បាន​ផ្លាស់ប្ដូរ​វា​ជាមួយ​នឹង​សេចក្ដី​ស្នេហា​នេះ តើ​វា​ក្ដី​សុបិន​របៀប​ណា ទើប​អាច​ផ្លាស់ប្ដូរ​វត្ថុ​បញ្ចាំ​ចិត្ត​បាន​ទៅ?»
ព្រះមហាក្សត្រ​ក៏​ងក់​ព្រះ​សិរ៖
«ត្រូវ​ហើយ! មិន​មែន​ជា​សុបិន​ទេ ហើយ​តាម​រយៈ​ព្រះ​ទម្រង់​នេះ យើង​ប្រហែល​អាច​ដឹង​ថា ព្រះ​នាង​មក​ពី​នគរ​មួយ​ណា! យើង​នឹង​ចាត់​ពួក​ពល​សេនា​ឱ្យ​ស្វែងរក​ដំណឹង​ឱ្យ​បាន​កាន់តែ​លឿន​នឹង​អាល​អភិសេក​សម​បំណង​ទ្រង់!»
ទោះ​បី​យ៉ាង​ណា ការណ៍​នេះ​ប្រព្រឹត្តទៅ​ដូចជា​រាវ​ម្ជុល​ក្នុង​បាតសមុទ្រ​ ធ្វើ​ឱ្យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រោគ​ស្នេហា​បាន​បណ្ដាល​ឱ្យ​ព្រះអង្គម្ចាស់​ធ្លាក់​ខ្លួន​ឈឺ ហើយ​ព្រះមហាក្សត្រ​ក៏​មិន​អាច​ចេញ​ទៅ​ណា​ចោល​បាន ដោយ​បារម្ភ​តែ​នឹង​ជំងឺ​របស់​ទ្រង់។
រាជ​បុត្រា​ត្រូវ​បាន​បញ្ជូន​ត្រលប់​មក​កាន់​ទៅ​ប្រាសាទ​របស់​ទ្រង់​វិញ ប៉ុន្តែ​ក្រោយ​មក ទ្រង់​ស្នើសុំ​ទៅ​សម្រាក​នៅ​ប្រាសាទ​ថ្មី​ដែល​កៀក​នឹង​ឆ្នេរ​សមុទ្រ​មួយ។
នៅ​ខាង​នគរ​ចិន​វិញ ខណៈ​ដែល​ព្រះ​នាង​បាន​តើន​ឡើង​នៅ​ព្រឹក​បន្ទាប់​នោះ នាង​ដោយ​មិន​បាន​ឃើញ​ព្រះអង្គម្ចាស់​ក្បែរ​ព្រះ​កាយ ព្រះ​នាង​បាន​ត្រាស់​សួរ​ទាសី​ភ្លាម។
ស្នំ​បម្រើ​ហេតុ​តែ​មិន​យល់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​បាន​សួរ ក៏​ចាប់ផ្ដើម​កើត​សង្ស័យ​ថា ម្ចាស់​តូច​នេះ​ពិត​ជា​មាន​ជំងឺ​កាន់តែ​ធ្ងន់​ហើយ។
ព្រះ​នាង​ឃើញ​ទាសី​មិន​ស្ដី ហើយ​ភ័យភិត​ស្លេក​មុខ ក៏​ឧទាន​សួរ​ទៀត៖
«ស្រី​បម្រើ​អើយ! ឯង​ខ្ជិល​ដេក​ស្ទក់ ថ្នាក់​មិន​ដឹង​ឡើយ​ថា ព្រះអង្គម្ចាស់​បាន​យាង​មក​គង់​នៅ​ទីនេះ​កាល​ពី​យប់មិញ យើង​បាន​មាន​ស្នេហា​ជាមួយ​ទ្រង់!»។
ស្ត្រី​បម្រើ​ឱន​ក្បាល​ដល់​ដី ហើយ​ស្រដី​ថា៖
«ព្រះ​នាង​ម្ចាស់​អើយ! តើ​ធ្វើ​ដូច​ម្ដេច​អាច​ធ្វើ​ឱ្យ​នរណា​ម្នាក់​មក​ក្នុង​ប្រាសាទ​៧​ជាន់​នេះ ដោយ​គ្មាន​ខ្ញុំ​ជា​ទាសី​ដឹង​បាន​នោះ? ទ្វារ​សុទ្ធ​ត្រូវ​បាន​ចាក់សោ ហើយ​កូនសោ​គឺ​នៅ​ជាមួយ​នឹង​ខ្ញុំ!!»
ព្រះ​នាង​ស្រែក​ពិរោធ៖
«ចូរ​ស្រី​ទ្រមក់​ឯង​នេះ​ចេញ​ទៅ​រក​ទ្រង់​មក​ជួប​នឹង​យើង ជា​ជាង​ឯង​ស្វែងរក​ចំណេះ​ជា​ច្រើន​នឹង​បំភ័ន្ត​ម្ចាស់! ពុំនោះ យើង​ឱ្យ​ផ្នែក​ទារុណកម្ម​វាយ​ឯង​នឹង​ដំបង!»
ស្ត្រី​ទាសី​រត់​ស្លេវ​ទៅ​រក​ព្រះមហាក្សត្រិយានី ទូល​ពិត​អំពី​បញ្ហា​នេះ ទម្រាំ​ព្រះមហាក្សត្រិយានី​យាង​ដោយ​អង្គ​ឯង​មក​មើល​ឃើញ​បុត្រី។
នៅ​ពេល​ដែល​ត្រូវ​មាតា​សួរនាំ​ដោយ​ពាក្យ​ផ្អែម ព្រះ​នាង​បាន​ទូល​ប្រាប់​វិញ​ថា៖
«ឱ​ម្ដាយ​អើយ! បើ​ទូលបង្គំ​នឹង​រៀបការ ក៏​ទាល់តែ​រៀបនឹង​ព្រះអង្គម្ចាស់​នោះ បើ​មិន​ដូច្នេះ​ទេ​ក៏​សុខចិត្ត​អកតញ្ញូ ធ្វើ​អត្តឃាត​ខ្លួនឯង​ទើប​អាច​ជម្នះ​សេចក្ដី​អាឡោះអាល័យ​ចំពោះ​ស្នេហ៍​នា​ពេល​រាត្រី​នោះ​បាន! ព្រះ​ម៉ែ​ទត​ចុះ ទ្រង់​មុខជា​ទាយាទ​នៃ​គ្រួសារ​ដ៏​ចម្រើន​ណាមួយ បើ​យោង​លើ​ព្រះ​ទម្រង់​ជា​គ្រឿង​បញ្ចាំ​ចិត្ត បំពាក់​ដោយ​ព្រះហស្ត​ទ្រង់​លើ​ម្រាម​ខ្ញុំម្ចាស់​នេះ​ជា​សក្ខី!»
ឃើញ​ចិញ្ចៀន​កាលណា មាតា​បាន​ទុក​ព្រះទ័យ​ជឿជាក់​ពិត​ណាស់​ថា ព្រះ​នាង​ពិតជា​បាន​ជួប​រាជបុត្រ​ជា​គូព្រេង​នោះ​ប្រាកដ​មែន​ហើយ។
ព្រះ​ជាយា​បន្ទូល​ទាំង​ពិបាក​ព្រះទ័យ​ថា៖
«បុព្វបុរស​អើយ! តើ​ព្រះ​នាង​បាន​ជួប​ជា​គូព្រេង ឬ​គូកម្ម​ទៅ?!»
ព្រះ​ជាយា​បាន​ត្រលប់​ទៅ​ទូល​ព្រះមហាក្សត្រ​ទាំង​ចប់​សព្វ​គ្រប់ បាន​ដល់​ព្រះ​ចៅ​ចិន​ចេញ​ប្រកាស​នៅ​ក្នុង​ក្រុមប្រឹក្សា​ជំនុំ​ថា អ្នក​ណា​ក៏ដោយ ឱ្យ​តែ​ពិតជា​បុរស​កាលពី​យប់​នោះ​ចូល​មក ព្រះ​នាង​សម្គាល់​បាន គង់​បាន​ជា​សុណិសា​ពិតប្រាកដ​មែន ទោះ​ជា​អម្បូរ​ខ្សត់ខ្សោយ​បែប​ណា​ក្ដី ប៉ុន្តែ​ប្រសិនបើ​មិនមែន ហើយ​បន្លំ​ចង់​ទទួល​លាភ​នេះ បើ​ព្រះ​នាង​ចំណាំ​ពុំ​បាន​នឹង​ទទួលទោស​កាត់​ក្បាល។

ភាគ​ទី២
ព្រឹក​ព្រហាម​កាល​ណា បុរស​អ្នក​មាន​ម្នាក់​មក​ពី​គ្រួសារ​មន្ត្រី​ធំ​នៃ​សាលាជំនុំ​បាន​ប្រកាស​ថា ខ្លួន​មាន​សិល្បវិជ្ជា​ពូកែ ហើយ​បាន​ធានា​ដល់​ព្រះមហាក្សត្រ​នឹង​ព្យាបាល​រាជបុត្រី​ជា លែង​​រវើរវាយ​ច្នេះ​ត​ទៅ​ទៀត។
ព្រះមហាក្សត្រ​ងក់​ព្រះ​សិរ ហើយ​បាន​បង្ហាញ​ផ្លូវ​ឱ្យ​បុរស​អភិជន​ចូល​ទៅ​កាន់​ទី​ដែល​រាជបុត្រី​ស្នាក់នៅ​សោយ​សោកា ​អាល័យ​ស្នេហា​ បាយ​មិន​នឹក​ទឹក​មិន​ស្រេក។ រាជវង្សានុវង្ស​នៅ​តាម​ដាន​ពី​មាត់​ទ្វារ​ទៅ។
ក្នុង​នាម​ជា​រាជបុត្រី ទ្រង់​បាន​យល់​វត្តមាន​បុរស​ចម្លែក​ចូល​មក​ក្នុង​បន្ទំ ព្រះ​នាង​បាន​ស្រែក​គំហក​សួរ៖
«ហេតុអ្វី​បាន​ជា​មនុស្ស​ចម្លែក​អាច​ឡើង​មក​កន្លែង​នេះ​បាន?!»
ព្រះមហាក្សត្រ​បាន​ឧទាន​ពី​ក្រោម​មក​ថា៖
«បិតា​ចង់​ឱ្យ​កូន​រម្ងាប់​ចិត្ត​ពី​រឿង​ទុក្ខ​ព្រួយ ហើយ​បុរស​អភិជន​ដ៏​មាន​ចំណេះ​នេះ​មាន​ចិត្ត​ស្មោះត្រង់​ស្ម័គ្រ​ប្តូរ​ជីវិត​ចង់​រៀបការ​ជាមួយ​បុត្រី ពុំ​ខ្លាច​សេចក្ដី​ស្លាប់!»
ព្រះ​នាង​ស្រែក​ពិរោធ​ថា៖
«ឱ​បិតា​អើយ! ប៉ុន្តែ​ខ្ញុំម្ចាស់​នឹង​មិន​រៀបការ​ជាមួយ​បុរស​ណា​ផ្សេង​ទៀត ក្រៅ​ពី​ម្ចាស់​ចិញ្ចៀន​នោះ​ទេ!»
បុរស​អភិជន​អស់​តម្រិះ​បាន​ព្រះទ័យ​ព្រះ​នាង ក៏​បក​ក្រោយ​ចុះ​ទៅ​ក្រាប​បង្គំ​ក្សត្រ​ថា៖
«ព្រះមហាក្សត្រ​អើយ! គ្មាន​ចំណុច​ណា​នឹង​អាច​ព្យាបាល​ព្រះ​បុត្រី​នោះ​ទេ ព្រោះ​នាង​ជា​ឥត​ខ្ចោះ​ទាំង​អស់​ហើយ មិន​មាន​អ្វី​ផុរ​រមាស់​ផ្នែក​សុខភាព​កាយវាចា​ក៏​ទេ! សុខ​ភាព​នោះ​ល្អ​​ទេ!!»
ដោយ​ព្រះ​ចៅ​ចិន​មាន​តម្រិះ​ថា បុគ្គល​នេះ​តាម​ពិត​ពុំ​មាន​សមត្ថភាព​ក្នុង​ការ​ព្យាបាល​រាជបុត្រី បែរ​ជា​មាន​អំនួត ក៏​បាន​កើត​ពិរោធ​បញ្ជា​ឱ្យ​ដាក់​ទោស​កាត់​ក្បាល​ស្លាប់​អសារ​បង់។
នគរ​នេះ​នៅ​តែ​បន្ត​ប្រកាស​រក​គ្រូពេទ្យ​ហោរា ឬ​គ្រូ​មន្តអាគម​មាន​ថ្វីដៃ​ដែល​អាច​ព្យាបាល​រាជបុត្រី​រីងរៃ​ស្គម​អស់​អង្គ សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង។ ប៉ុន្តែ​ការ​សម្លាប់​ជា​លទ្ធផល ប្រសិន​បរាជ័យ។
ហោរា​និង​អ្នក​លេង​សៀក​មួយ​ចំនួន​បាន​សាក​បញ្ចេញ​ថ្វី​ដៃ​ព្យាបាល​រាជបុត្រី​ហើយ​ត្រូវ​មរណា។
ចុង​ក្រោយ មាន​ធ្មប់​ម្នាក់​មក​ពី​ស្រុក​ម៉ុងហ្គូ។
អ្នក​វាំង​បាន​នាំ​គាត់​ទៅ​កាន់​បន្ទំ​នៃ​រាជបុត្រី។ ធ្មប់​នោះ​យក​ថាស​ស្ពាន់​មួយ​ចេញ​មក​ពេញ​ដោយ​ថ្នាំ​ចម្លែក​ៗ និង​អុជ​ភ្លើង​ទៀន​ធំ​មួយ​ក្បែរ​នោះ​ផង។ ធ្មប់​បាន​ពន្យល់​រាជវង្សានុវង្ស​ថា ព្រះ​នាង​ត្រូវ​មន្តអាគម​ខ្មៅ​ងងឹត​គ្រប់គ្រង​លើ​គំនិត និង​វាសនា​ផង​ទាំងមូល ខ្លួន​នឹង​ប្រារឰ​ពិធី​ដើម្បី​ចាប់​ខ្លួន​វិញ្ញាណ​អាក្រក់​ចេញ​ពី​ព្រលឹង​ព្រះ​បុត្រី ហើយ​បោះ​វា​ទៅ​ក្នុង​សមុទ្រ។
ព្រះ​នាង​ព្រះ​សណ្ដាប់​ហើយ ស្រែក​ជេរ​ក្ដែងៗ​ថា៖
«ឱ​អ្នក​បោក​ប្រាស់ មិន​មាន​កេរ្តិ៍​ខ្មាស​សោះ​ឡើយ! យើង​នេះ​ឬ​ដែល​នៅ​ក្នុង​ស្មារតី​អាក្រក់​ស្មើ​នឹង​គំនិត​មនុស្ស​បោក​ឯង? បើ​អ្នក​ពិត​ជា​គ្រូអូមអាម​ដ៏​មាន​ស្នាដៃ ចូរ​និយាយ​មក​យើង បុរស​ដែល​យើង​មាន​ស្នេហា​ជាមួយ​នោះ​ គេ​នៅ​ឯ​ណា? ព្រះនាម​យ៉ាង​ណា? បើ​មិន​ដូច្នេះ​ទេ អ្នក​អាច​ចូល​ទៅ​នៅ​ក្នុង​គុក​ធំ​វិញ​ជាក់​មិន​ខាន!»
ធ្មប់​មិន​បាន​តបត ចាប់ផ្ដើម​សូត្រ​ធម៌​ញាប់​ស្មេ បែក​ញើស​គឃារ ហើយ​ផ្លុំ​ភ្លើង​ផ្អើល​ពាសពេញ។ អស់​ចិត្ត​អស់​ចង់ ទំនងជា​មិន​អាច​បាន​លទ្ធផល​ក៏​រក​លេស​ចុះ​មក​ទូល​ព្រះមហាក្សត្រ​ថា៖
«បពិត្រ​រាជា​ដ៏​ចម្រើន! សម្ដី​ទាំង​ប៉ុន្មាន​នៃ​ព្រះ​នាង គឺ​វិញ្ញាណ​អាក្រក់​ជា​អ្នក​និយាយ! លោក​នេះ​គ្មាន​រាជបុរស​ម្នាក់​នោះ​ពី​ណា​មក​ឡើយ! ប៉ុន្តែ​ព្រះ​នាង​ដ៏​ល្អ​ឥត​ខ្ចោះ​ពិតៗ​បាន​សោយ​ទិវង្គត​ទៅ​ហើយ!»
ព្រះមហាក្សត្រ​មិន​ជឿ​ពាក្យ​ដោះសា​នេះ ក៏​ចេញ​បញ្ជា​ឱ្យ​កាត់​ក្បាល​ទៀត។
រឿង​នេះ​បាន​លេច​ឮ​ទៅ​ដល់​បង​ប្រុស​ធម៌​នៃ​ព្រះ​នាង​ចិន គឺ ​Maarrvaan​ ជា​កូនប្រុស​នៃ​មេដោះ​របស់​ព្រះ​នាង​ផ្ទាល់។
អ្នក​ទាំងពីរ​ជា​មិត្តភ័ក្ដិ​ដ៏​ល្អ​តាំងពី​កុមារ។ ក្រោយ​មក ដោយ ​Maarzvaan ​ជា​បុគ្គល​ចាប់អារម្មណ៍​តែ​ការ​សិក្សា​នានា​ក្នុង​ពិភពលោក​នេះ គេ​បាន​ចេញ​ដំណើរ​ដើរ​ហើរ​គ្រប់​ទិស​ទី​គ្មាន​ដំណឹង​អ្វី​ឡើយ។
គេ​ទើប​តែ​វិល​ត្រលប់​មក​ប្រទេស​វិញ ហើយ​តក់ស្លុត​នឹង​ហេតុការណ៍​ដែល​ឃើញ​មាន​ក្បាល​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​លើ​ច្រក​ទ្វារ​ទីក្រុង។
ដោយ​បាន​សាកសួរ​ប្រជាជន គេ​បាន​យល់​បណ្ដើរ​ៗ​ពី​ហេតុ​ពិត​ដ៏​អប្រិយ​នេះ។
ខណៈ​ពេល​ត្រលប់​មក​ដល់​ផ្ទះ​ភ្លាម​កាលណា Maarzvaan ​បាន​សុំ​ម្ដាយ​របស់​គេ​រៀបចំ​ឱ្យ​គេ​បាន​ជជែក​នឹង​ព្រះ​នាង​តទល់ ដោយ​គ្មាន​វត្តមាន​ព្រះមហាក្សត្រ។ ម្ដាយ​គិត​ចុះ​ឡើង​ក៏​សម្រេច​ចិត្ត​ថា​យល់​ព្រម។
ម្ដាយ Maarzvaan ដែល​ជា​មេដោះ​បាន​ស្វះស្វែង​រក​ទាសី​របស់​រាជ​បុត្រី ដោយ​ប្រគល់​ឱ្យ​នាង​នោះ​ មួយ​តម្លឹង​មាស ព្រម​ទាំង​ពន្យល់​ថា៖
«នាង​ដឹង​ហើយ​ថា កូន​ខ្ញុំ​ក៏​បៅ​ដោះ​រួម​ជាមួយ​ព្រះ​នាង! ពួក​គេ​គឺជា​មិត្តភ័ក្ដិ​ចាប់​តាំង​ពី​កុមារភាព!លទ្ធភាព​កូន​ប្រុស​របស់​ខ្ញុំ​បាន​រៀបការ​ជាមួយ​ព្រះ​នាង គឺ​អាច​នឹង​ថា​ច្រើន! ពេល​នោះ នាង​ក៏​នឹង​បាន​លាភ​ទៀត​មិន​ខាន!!»
ទាសី​ឮ​ហើយ​អរ​ណាស់ ក៏បាន​និយាយ​ថា៖
«ខ្ញុំ​អាច​ធ្វើ​ការ​នេះ​ដើម្បី​ព្យាបាល​ម្ចាស់​ខ្ញុំ! ចូរ​នាំ​កូនប្រុស​របស់​មីង​មក​ចុះ​នៅ​កណ្ដាល​អធ្រាត្រ​ ហើយ​ខ្ញុំ​នឹង​បើក​ច្រក​ទ្វារ​ឱ្យ​គេ!!»
ដោយ​ល្បិច​នេះ Maarzvaan បាន​ក្លាយ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ចូល​ទៅ​ក្នុង​ប្រាសាទ​៧​ជាន់ ដោយ​មិន​ចាំបាច់​សុំ​ការអនុញ្ញាត និង​គ្មាន​អ្នកណា​ដឹង។
ពេល​កណ្ដាល​អធ្រាត្រ​ចូល​មក មេដោះ​ចាស់​នោះ​បាន​យក​កូនប្រុស​បន្លំ​ធ្វើ​ជា​ក្មេង​ស្រី ហើយ​ចូល​ទៅ។
ទាសី​លោភលន់​នោះ​បាន​បើកទ្វារ​មែន។
ម្ដាយ​និង​កូន​បាន​ចូល​ទៅ​ក្នុង​ប្រាសាទ​មាស ហើយ​ហើយ​គោះទ្វារ។ ពេល​ព្រះ​នាង​បើកទ្វារ មេ​ដោះ​បាន​ទូល​ភ្លាមៗ​ថា៖
«ឱ​ព្រះ​នាង​អើយ! នេះ​គឺ​បង​ប្រុស Maarzvaan ដែល​បាន​វិល​ត្រលប់​មក​ពី​​​ធ្វើ​ដំណើរ​ដ៏​វែង! ឥឡូវ​នេះ គេ​គ្រាន់តែ​ចង់​ថើប​ដៃ​របស់​ទ្រង់ ដែល​ខ្ញុំ​ម្ចាស់​សង្ឃឹមថា ទ្រង់​ផ្ដល់​កិត្តិយស!!»
ព្រះ​នាង​សើច​សប្បាយ បន្ទាប់ពី​មិន​ដែល​សើច​ច្រើន​ពេល​ហើយ៖
«តើ​បងប្រុស​របស់ខ្ញុំ Maarzvaan មក​មើល​ខ្ញុំ​ឬ? ចូរ​យក​ស្បៃ​ចេញពី​មុខ​អ្នក​ភ្លាម! អូ! យើង​បាន​ឃើញ​គ្នា ក្រោយ​ពី​បែក​គ្នា​យ៉ាង​វែង​ហើយ!»
Maarzvaan ចូល​មក​ក្នុង​ក្រឡា។ ទាំង​ពីរ​កាយ​សប្បាយ​ចិត្ត​ដែល​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក។ Maarzvaan បាន​និយាយ​ថា៖
«ទូល​បង្គំ​ពិតជា​រីករាយ​នឹង​ជួយ កុំ​ឱ្យ​ព្រះ​នាងរង​ឯកា​ខ្លោចផ្សា​យ៉ាង​នេះ!»
គេ​បាន​ស្រាយ​បង្វេច​យក​សៀវភៅ​មួយ​ចំនួន​ចេញ​មក​ជូន​នាង។
«ពេល​ប្អូន​មិន​សប្បាយចិត្ត ចូរ​អាន​សៀវភៅ ហើយ​ត្រូវ​តែ​ការពារ​សម្រស់​និង​ជីវិត! ត្រូវ​បរិភោគ​ ហើយ​ត្រូវតែ​មាន​សេចក្ដី​សង្ឃឹម!»
រាជបុត្រី​មើល​ឃើញ​ហើយក៏​ស្រែក​ឡើង​ថា៖
«បងប្រុស​ខ្ញុំ​អើយ! អ្នក​រាល់គ្នា​សុទ្ធតែ​គិត​ថា ខ្ញុំ​នេះ​ឆ្កួត! ប៉ុន្តែ​ខ្ញុំ​មិន​បាន​ឆ្កួត​ទេ ហើយ​តើ​អ្នក​ព្រម​ស្ដាប់​ខ្ញុំ​ដែរ​ឬ​អ្វី?»
បន្ទាប់​មក ព្រះ​នាង​បាន​ប្រាប់ Maarzvaan នូវ​រឿង​ទាំងមូល រួមបញ្ចូល​ទាំង​ការ​ផ្លាស់ប្ដូរ​ចិញ្ចៀន​លើ​ម្រាម​ផង។ Maarzvaan បាន​ងក់ក្បាល ហើយ​សន្និដ្ឋាន​ថា៖
«ប្រសិនបើ​អ្វី​ដែល​ប្អូន​និយាយ គឺជា​ការ​ពិត​ត្រឹមត្រូវ បងប្រុស​យើង​ជឿ​ថា នាង​ត្រូវតែ​អត់ធ្មត់​រង់ចាំ​បង​មក​វិញ! បង​នឹង​នាំ​បុរស​នោះ​មក​ឱ្យ​អ្នក!»
នាង​រីករាយ​ជា​ខ្លាំង ហើយ​ស្បថ​ថា​នឹង​ខំ​សោយ​អាហារ​រក្សា​កាយ រង់ចាំ​បងប្រុស​វិល​មក​វិញ។
Maarzvaan ​បាន​ដាក់​គម្រោង​ចេញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ថ្មី។ នៅ​តាម​ផ្លូវ គេ​តែង​ស្វែង​រុករក​ដំណឹង​ ក្រែងលោ​មាន​បុរស​ក្មេង​ណាមួយ កើត​ជំងឺ​ឆ្កួត​វង្វេង​ដេក​នឹក​ដល់​ស្រី​ស្អាត​បំផុត​ម្នាក់។
Maarzvaan ​ចេញពី​ក្រុង​មួយ​ទៅ​កោះ ពី​កោះ​ទៅ​ក្រុង ប៉ុន្តែ​មិន​មាន​តម្រុយ​អ្វី។
បន្ទាប់ពី​រយៈពេល​បួន​ខែ​មក គេ​បាន​មក​ដល់​ទី​ក្រុង​ឆ្នេរ​មួយ​កន្លែង​ដែល​គ្មាន​អ្នក​ណា​ស្គាល់​បា​ឌូ​រ៉ា​ ព្រះ​នាង​ម្ចាស់​នៃ​ប្រទេស​ចិន​ទាល់តែ​សោះ ប៉ុន្តែ​បែរ​ជា​គ្រប់កន្លែង​ទាំងអស់​មាន​គេ​និយាយ​អំពី​ព្រះ​អង្គ​ម្ចាស់ Zamaan ដែល​ដេក​ឈឺ​រោគ​ស្នេហា​ដូច​ប្អូនស្រី​របស់​ខ្លួន​ដែរ។
គេ​សប្បាយរីករាយ​ខ្លាំង​ណាស់​ដែល​បាន​ដឹង​អំពី​រឿង​នេះ ហើយ​ការងារ​នា​ល្ងាច​នោះ គឺ​គេ​បាន​ព្យាយាម​ស្វែងរក​កន្លែង​ដែល​អាច​មើល​ឃើញ​ព្រះអង្គម្ចាស់​កម្សត់​ស្នេហ៍​នេះ។
គាត់​អាច​ចូល​ទៅ​ដោយ​ផ្លូវ​សមុទ្រ​តាម​នាវា​ជំនួញ​មួយ តែ​មុន​ពេល​មក​ដល់​កំពង់ផែ នាវា​បាន​បុក​ជាមួយ​ថ្ម ហើយ​លិច​នៅ​នឹង​មុខ​ប្រាសាទ​ព្រះអង្គម្ចាស់ Zamaan។
Maarzvaan ជា​អ្នក​ហែល​ទឹក​ដ៏​ល្អ ដូច្នេះ​គេ​បាន​ចូល​មក​ដល់​លើ​ច្រាំង​ដោយ​សុវត្ថិភាព​ផ្លាស់ប្ដូរ​សម្លៀកបំពាក់ និង​ត្រូវ​បាន​គេ​ណែ​នាំ​ឱ្យ​ជួប​លោក​ឧបរាជ។
សម្ដី​សំដៅ និង​ចំណេះដឹង​របស់​គេ ធ្វើ​ឱ្យ​លោក​ឧបរាជ​មានការ​ពេញចិត្ត​ជា​ខ្លាំង។ គាត់​បាន​ទូល​ព្រះរាជា​នា​ព្រឹក​បន្ទាប់​ថា៖
«ព្រះអង្គ​អើយ ឬ​មួយ​ក៏​ទេវតា​បាន​រុញ​បុរស​ម្នាក់​នេះ​ធ្វើ​ដំណើរ​ទើប​មក​ដល់​ដោយ​លិច​នាវា? តើ​វា​មាន​ទៅ​ខាតបង់​អ្វី បើ​មាន​អ្នក​ដែល​បាន​រៀន​សូត្រ​ល្អ​ដូច្នេះ​មក​សាក​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ដល់​រាជ​បុត្រា?»
លុះ​បាន​ព្រះរាជា​បាន​យល់ព្រម​អនុញ្ញាត ឧបរាជ​រូតរះ​ត្រលប់​មក​ផ្ទះ ហើយ​ប្រាប់​ការណ៍​សព្វ​គ្រប់​ទៅ​ភ្ញៀវ​ថ្មី។
Maarzvaan គិត​ក្នុង​ចិត្ត​ថា នេះ​ចំ​ជា​មក​ត្រូវ​កន្លែង​មិន​ខាន។
តែ​គេ​ពន្យល់​ទៅ​ឧបរាជ​ថា៖
«ប្រសិនបើ​ខ្ញុំ​ដឹង​ថា ជំងឺ​បណ្ដាល​ពី​អ្វី​ឱ្យ​ពិត នេះ​គឺ​ប្រហែលជា​ខ្ញុំ​អាច​ជួយ​បាន​ខ្លះ!!»
ឧបរាជ​ក៏​និយាយ​រឿងរ៉ាវ​ពី​ដើម​ដល់​ចប់ គ្មាន​លាក់លៀម​អ្វី​នោះ​ឡើយ។
Maarzvaan ស្ដាប់​ចប់​រីករាយ​ខ្លាំង​ណាស់ ហើយ​សរសើរ​ថា កុំ​តែ​សំណាងល្អ​ដោយសារ​ការ​លិច​នាវា កុំ​អី​ក៏​មិន​ងាយ​នឹង​បាន​រក​ឃើញ​មនុស្ស​ម្នាក់​ដែល​ប្អូនស្រី​ខ្លួន​កំពុង​ដេក​ទន្ទឹង​រង់ចាំ​នោះ​ដែរ។
ទោះ​យ៉ាង​ណា គេ​មិន​ដឹង​ថា​នេះ​ជា​បុរស​ក្នុង​រាត្រី​ដំបូង​របស់​ព្រះ​នាង​ចិន​១០០​ភាគរយ ឬ​យ៉ាង​ណា​ទេ គឺ​គ្រាន់តែ​ជា​ការ​សង្ស័យ។
នៅ​ក្នុង​ចិត្ត​របស់​គេ​គឺ​ថា នេះ​អាច​ជា​ភាគី​សងខាង​ដែល​កំពុងតែ​ស្វែងរក​គ្នា​ដោយ​គ្មាន​ដំណឹង​អ្វី​ ព្រោះ​នៅ​ឆ្ងាយ​ពេក។
ភ្លាម​នោះ គេ​បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់​គេ​ក្នុង​ការ​ចង់​សាកល្បង​ព្យាបាល​ព្រះរាជបុត្រ។ ឧបរាជ​បាន​យល់​ព្រម ហើយ​បញ្ជូន​គេ​ចូល​វាំង​ភ្លាម។
ពេល​ទៅ​ដល់​ប្រាសាទ​នៃ​រាជបុត្រ​ដែល​រីងរៃ​ព្រោះ​វិបត្តិ​ស្នេហ៍ ស្ដេច​ក៏​នៅ​ជាមួយ​ដែរ។
ខណៈ​ពេល​ទៅដល់ គេ​បាន​ឃើញ​ព្រះអង្គម្ចាស់ Zamaanផ្ទំ​នៅ​លើ​គ្រែ​បិទ​ភ្នែក​ជិតស្លុង។
គេ​ក៏​ស្ដី​ឡើង​ឯងៗ​ថា៖
«តើ​នាង​ជា​អ្នក​ណា? ហើយ​ពេល​ណា​ទើប​រាត្រី​នោះ​មាន​ម្ដង​ទៀត?»
ខណៈ​ពេល​ដែល​ព្រះអង្គម្ចាស់​បាន​ឮ​ដូច្នេះ ក៏​បើកភ្នែក​មកវិញ​ឃ្វាំង​ដោយ​សម្លឹងមុខ Maarzvaan។
គេ​នេះ​ដឹង​ថា គេ​មក​រក​ត្រូវ​កន្លែង​ពិត​ណាស់។ គេ​ក៏​បាន​សូត្រ​កំណាព្យ​មួយ​ពី​សម្រស់​របស់​ព្រះ​នាង​ នគរ​ចិន​ដែល​ឧបរាជ និង​ស្ដេច​ស្ដាប់​មិន​យល់ លើកលែងតែ​រាជ​បុត្រា​ដែល​ទ្រង់​កាន់តែ​ស្ដាប់​ កាន់​តែ​ក្រោក​មក។
ស្ដេច​និង​មន្ត្រី​ធំ​ភ្ញាក់ផ្អើល​ពន់ពេក​នឹង​ឥទ្ធិពល​នៃ​បុរស​ក្មេង ហើយ​តាម​សម្លឹង​រាជ​បុត្រា​ដែល​ក្រោក​អង្គុយ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ពាក្យ​របស់​បុរស​ម្នាក់​នេះ។
Maarzvaan បាន​បន្ត​តែង​កំណាព្យ​ពី​ការ​ប្តូរ​ចិញ្ចៀន​គ្នា និង​ថា​នាង​បាន​រង់ចាំ​ស្គម​ខ្លួន នៅ​តែ​មិន​អាច​ជួប​ទេវបុត្រ។
«តើ​អ្នក​មក​ពី​ណា?»
រាជបុត្រ​ពោល​សួរ​ដូច្នេះ បន្ទាប់ពី​មិន​ដែល​ស្ដី​ថា​យ៉ាង​ណា​ជា​ច្រើន​ខែ​មក​ហើយ។
Maarzvaan តប​វិញ​ថា៖
«នៅ​ឆ្ងាយ​ណាស់​ក្រាបទូល! គឺ​ទី​ដែល​ព្រះ​នាង​ក្នុង​កំណាព្យ​នេះ​កំពុង​សោយ​សោកា!»
រាជបុត្រា​ស្ទុះ​ឈរ ហើយ​ស្រែក​ឡើង​ថា៖
«ព្រះ​ជា​ម្ចាស់! ចូរ​អ្នក​សំពៅ​ប្រាប់​យើង​ឱ្យ​ច្បាស់ តើ​នាង​ចាំ​អ្នក​ណា? ឈ្មោះ​អ្វី​ដែរ?!»
Maarzvaan ថា​វិញ៖
«ស្ត្រី​ក្មេង​ដ៏​ស្មោះ​ស្នេហ៍ ហើយ​កម្សត់​ម្នាក់​នោះ គឺ​ព្រះរាជ​បុត្រី​ព្រះនាម​បា​ឌូ​រ៉ា​នៃ​ប្រទេស​ចិន! ដោយសារតែ​អ្នក​ទាំង​ពីរ​បាន​ជួបប្រទះ​រឿង​ដូចគ្នា​នៅ​រាត្រី​តែមួយ! ទ្រង់​ប្រហែលជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ព្យាបាល​ព្រះ​នាង​ឱ្យ​មាន​ប្រសិទ្ធភាព! ព្រះរាជ​បុត្រា​ត្រូវតែ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន! ប៉ុន្តែ​មុន​ពេល​ដែល​អាច​ចាប់ផ្ដើម​ការ​ធ្វើដំណើរ​ដ៏​អស្ចារ្យ​នេះ ព្រះអង្គ​គួរតែ​មាន​ព្រះរាជ​សុខភាព​មាំទាំ​វិញ​សិន!»
ព្រះអង្គម្ចាស់​រីករាយ​ហួស​នឹង​ថ្លែង​ក៏​បញ្ជា​ឱ្យ​ទាសករ​ស្លៀកពាក់​ថ្មី​ឱ្យ​ទ្រង់​នៅ​ក្នុង​ឈុត​ដ៏​ស្រស់​ស្អាត និង​បាន​បញ្ជា​ឱ្យ​បង្កើត​ភ្លាមៗ​នូវ​ឱកាស​ជប់លៀង​ការ​សប្បាយ​ក្នុង​ព្រះ​រាជ្យ​ដំណាក់។ ស្ដេច​ជា​វរបិតា​ឃើញ​ដូច្នេះ ក៏​អស់​ផុត​ទុក្ខ​ព្រួយ ដោយ​បាន​ចេញ​ប្រកាស​ដោះ​លែង​អ្នកទោស​ទាំងអស់ និង​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​តាម​ផ្លូវ​ទូទាំង​នគរ។
៧​ថ្ងៃ​ក្រោយ​មក ព្រះអង្គម្ចាស់​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ដ៏​វែង​តាម Maarzvaan ទៅ​កាន់​ប្រទេស​ចិន។
យប់​មួយ​មុន​ពេល​ចេញ​ដំណើរ​ព្រឹក​ថ្មី រាជបុត្រា Zamaan បាន​ចូល​បង្គំ​មាតាបិតា ហើយ​ទូល​ថា៖
«កូន​បាន​ធ្វើ​កំហុស​ជា​ច្រើន​ឥត​គណនា! ពេលនេះ​ទៀត ចោល​ឪពុក​ម្ដាយ​ជរា​ចេញ​ទៅ​រក​ទី​ឆ្ងាយ! តែ​កូន​សន្យា​វិល​មក​វិញ ហើយ​ជំនួស​ការ​កិច្ច​គ្រប់គ្រង​ជាតិ​ឱ្យ​ខាន​តែ​បាន! សូម​បិតា​មាតា​ឱ្យ​ពរជ័យ​កូន​និង​ស្រី​ដ៏​ចម្រើន​បាន​ជួប​មុខ​គ្នា​ឆាប់!»
ព្រះមហាក្សត្រ​បាន​អនុញ្ញាត បន្ទាប់​មក​​ បាន​បញ្ជា​ឱ្យ​រៀបចំ​តាម​ខ្លួន​នូវ​ប្រាក់កាស​ច្រើន​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ជា​ការ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូល​ទៅ​ស្ដី​ដណ្ដឹង​ព្រះ​នាង​បា​ឌូ​រ៉ា។
Maarzvaan បាន​ចាប់ផ្ដើម​ការ​ធ្វើ​ដំណើរ​នោះ​ដោយ​មាន​សេះ​ម្នាក់​មួយ។ ពេលយប់​មក​ដល់ ពួកគេ​បាន​ឈប់​ស្នាក់នៅ​ផ្ទះសំណាក់​មួយ ទទួល​អាហារ​ពេល​ល្ងាច​នៅ​ទីនោះ និង​បាន​សម្រាក​រហូតដល់​ពាក់​កណ្ដាលយប់​មនុស្សម្នា​លង់​ក្នុង​ដំណេក​អស់ ក៏ Maarzvaan ខ្សឹប​អង្រួន​ដាស់​ព្រះរាជបុត្រ​ឱ្យ​ឡើង​សេះ​បំបោល​យ៉ាង​លឿន រហូត​ចូល​ដល់​ព្រៃ​មួយ​ចំ​ពេល​ថ្ងៃ​រះ​ព្រឹមៗ។
មិន​យូរ​ប៉ុន្មាន Maarzvaan បាន​នាំ​ព្រះរាជា​បុត្រ​ដល់​ប្រទេស​ចិន​មែន។
ព្រះ​ភក្ត្រ​និង​កាយសម្បទា​ទ្រង់​បានជា​ទី​ពេញ​ព្រះទ័យ​នៃ​រាជា និង​ម្ចាស់​ក្សត្រី​ឥត​គណនា។
រាជ​នគរ​ពេញ​ដោយ​ពិធីជប់លៀង​អាហារ ចែកទាន និង​រាំច្រៀង​សប្បាយចិត្ត​ដែល​បាន​រក​ឃើញ​រាជ​បុត្រា។
ស្ដេច​នៃ​ប្រទេស​ចិន​ដែល​ឃើញ​រាជបុត្រី​បាន​ជា​សះ​ស្បើយ​ភ្លាមៗ​ដូច​ទេព្ដា​ជប់ ក៏​រក្សា​សម្ដី​ព្រម​រៀប​អភិសេកព្រះ​នាង​ទៅ​ព្រះអង្គម្ចាស់​ជា​ការ​ចាប់ផ្ដើម​រស់នៅ​ដោយ​សុភមង្គល មិន​ត្រឹម​តែ​មាន​ក្ដី​ស្រមៃ​ក្នុង​មួយ​រាត្រី​នោះ​ឡើយ។
មិន​យូរ​មិន​ឆាប់ ភាព​រីករាយ​ក្នុង​ជីវភាព​ក្រោយ​អាពាហ៍ពិពាហ៍​បាន​បញ្ចប់ ដោយសារ​ព្រះអង្គម្ចាស់​ Zamaan ស្រាប់​តែ​មាន​សុបិន​យ៉ាង​ចម្លែក​ថា រាជបិតា​នៅ​ឯ​នគរ​បាន​ចូល​ទិវង្គត ដោយ​មុន​ពេល​ដាច់​ដង្ហើម ទ្រង់​បាន​ស្រែក​ឡើង​ថា៖
«កូន​អើយ! កូនប្រុស​ដែល​ខ្ញុំ​ស្រលាញ់​ជា​ខ្លាំង​តាំងពី​បាត​ជើង​ក្រហម ចុង​បញ្ចប់ គេ​បាន​តាម​ស្រី​ ហើយ​បោះបង់​មាតាបិតា!!»
ព្រះអង្គម្ចាស់​តើន​ឡើង​ដោយ​ស្រែក​រន្ធត់ នាំ​ឱ្យ​រាជ​មហេសី​ដឹង​ព្រះ​កាយ​បន្ទាប់​នោះ​ដែរ។
ព្រះអង្គម្ចាស់​បាន​ប្រាប់​ពី​សុបិន​ដល់​គូ​ជីវិត ដូច្នេះ​ព្រឹក​ថ្ងៃ​បន្ទាប់ ព្រះ​នាង​បាន​ទៅ​ទូល​សុំ​បិតា​ចាកចេញ​ទី​កាន់​រាជ​នគរ​ស្វាមី។
ការណ៍​នេះ​នាំ​ឱ្យ​ព្រះរាជា​និង​មហេសី​សោយសោក​ជា​ខ្លាំង ប៉ុន្តែ​ស្ថានភាព​នេះ ទ្រង់​បាន​ឈ្វេង​យល់​ថា មិន​អាច​រារាំង​ក៏​ធ្មេច​ព្រះ​នេត្រ​អនុញ្ញាត​ឱ្យ​នាង​ចេញទៅ​ជាមួយ​ប្ដី ប៉ុន្តែ​បាន​សុំ​ដាក់​លក្ខខណ្ឌ​ឱ្យ​ព្រះ​នាង​វិល​ត្រលប់​មក​វិញ​នៅ​ក្នុង​រវាង​ពេល​យ៉ាង​យូរ​មួយ​ឆ្នាំ។
ស្ដេច​នៃ​ប្រទេស​ចិន​អង្គ​នេះ ហេតុ​តែ​ស្រលាញ់​ពេញចិត្ត​បុត្រ​ទាំង​ទ្វេ​ឥត​ពន់ប្រមាណ បាន​ចាត់ចែង​រៀបចំ​អាហារ ជំនិះ មាសប្រាក់​សម្រាប់​ការ​ធ្វើដំណើរ​របស់​បុត្រ​ដោយ​ផ្ទាល់​ព្រះហស្ត។
ព្រះអង្គម្ចាស់ និង​ព្រះ​នាង​ចិន​បាន​ធ្វើ​ដំណើរ​រយៈពេល​ជាង​មួយ​ខែ ទម្រាំ​នឹង​មក​ដល់​វាលស្មៅ​ធំ​ល្វឹង​ដែល​ជា​កន្លែង​មាន​អាកាសធាតុ​ក្ដៅ​ហែង​មួយ។
ព្រះអង្គម្ចាស់​បាន​សម្រេច​ការ​បោះ​ជំរំ​នៅ​ទីនោះ។
ពួក​អ្នក​បម្រើ​បាន​បោះតង់​នេះ​ថ្វាយ​ព្រះ​នាង​ទទួល​បាន​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រាក បន្ទាប់​ពី​រយៈ​ពេល​ជាង​៣០​ថ្ងៃ​លើ​រទេះ​សេះ។
​ស្វាមី​មក​ពី​ស្រង់​ទឹក ទ្រង់​ក៏​បាន​ចូល​មក​តាម​ក្រោយ​ប្រទះ​ឃើញ​ខ្សែ​ក្រវាត់​ដែល​ព្រះ​នាង​ដោះ​ទុក​លើ​ដំណេក​នេះ។
ខ្សែ​ក្រវាត់​នេះ​រចនា​យ៉ាង​ប្រណីត ដោយមាន​ដាំ​ត្បូង​ពេជ្រ​មាន​លំអ រួម​ជាមួយ​ត្បូង​ដទៃ​ដ៏​មាន​តម្លៃ។ រាជបុត្រ​ស្ទាបអង្អែល​លើ​ក្បាច់ចម្លាក់​ទាំងនោះ​ទាំង​នឹក​ស្ងើចសរសើរ ស្រាប់តែ​បាន​ចុច​ប៉ះ​ចំ​គន្លឹះ​មួយ​របើក​ជា​ប្រអប់​តូច​ទំហំ​ប៉ុន​ពីរ​ធ្នាប់​ដៃ ជា​កន្លែង​លាក់​ទុក​នូវ​ត្បូង Carnelian ដោយ​មាន​ឆ្លាក់​តួអក្សរ​ដែល​ទ្រង់​មិន​អាច​អាន​បាន​ផង។
ព្រះអង្គ​មាន​ព្រះតម្រិះ​ថា Carnelian ដែល​លាក់​បង្កប់​ក្នុង​ក្រវាត់​នេះ​គួរ​តែ​មាន​តម្លៃ​ខ្លាំង​ណាស់ បើ​មិន​ដូច្នេះ​ទេ ព្រះ​នាង​នឹង​មិន​បាន​ធ្វើ​វា​បង្កប់​ទុក​នៅ​ក្នុង​ខ្សែក្រវាត់​ធ្វើ​អ្វី?
ទ្រង់​តាម​ថា​មិន​ចង់​ប៉ះពាល់​ទេ​ទ្រព្យ​ដែល​ពុំ​មែន​ជា​កម្មសិទ្ធិ ហើយ​រាជវង្ស​នៅ​នគរ​កំណើត​ក៏​មិន​ដែល​ខ្វះ​អ្វី បណ្ដា​ឃ្លាំង​ត្បូង​មាន​តម្លៃ​លើ​លោក​គ្រប់មុខ ម្ដេច​ក៏​ពេលនេះ ទ្រង់​បែរ​ជា​មានចិត្ត​ចង់​លូក​ប៉ះពាល់​ពិនិត្យ​មើល​ខាន​មិន​បាន​ទៅ​វិញ?
បណ្ដាសា​អកុសល​អ្វី​មិន​ដឹង​ដែល​បាន​ចារ​ទុក​មក​ក្នុង​ត្បូង​នោះ គ្រា​ដែល​ស្វាមី​ប៉ះ​ដល់​កាល​ណា​ក៏​ផែនដី​ទាំងមូល​បាន​ប្រែប្រួល មេឃ​អាប់អួ​ងងឹត​ភ្លាម ដី​ញ័រ​រង្គើ​មើល​គ្នា​សឹង​ពុំបាន។
សន្ធឹក​ខ្យល់​កើត​ឡើង​បាន ដោយសារ​សត្វ​បក្សី​ធំ​ចម្លែក​អស្ចារ្យ​មួយ​បាន​ប្រាកដ​ខ្លួន​ឡើង​មក​ ហើយ​ភ្លាមៗ​នោះ វា​បាន​ឆាប​យក​ព្រះ​នាង​ចេញពី​ក្រឡាបន្ទំ ហើយ​ហោះ​ត្របាញ់​ទៅ​លើ​មេឃ។ ព្រះ​ស្វាមី​អស់​ពី​ស្រលាំងកាំង ព្រះអង្គ​ខំ​រត់​តាម​ពី​ក្រោម ហើយ​តោង​បាន​ចុង​ស្លាប​ដ៏​ធំ​របស់​វា​យ៉ាង​តក់ស្លុត​ ប៉ុន្តែ​ជា​មនុស្ស​ដើរ​ដី​ទៅ​ប្រដូច​ឯណា​នឹង​បក្សី​ហោះហើរ​​ ចុង​ក្រោយ ព្រះអង្គ​របូតដៃ​ធ្លាក់​មក​ក្នុង​ទឹកស្ទឹង ឯ​ព្រះ​នាង​ត្រូវ​បាន​វា​លែង​ចោល​ឱ្យ​ទើរ​នៅ​លើ​ចុង​ឈើ​ខ្ពស់​គ្រលួច​មួយ។
ព្រះ​ស្វាមី​ខំ​ហែល​មក​ច្រាំង​ទាំង​ត្រដាប ហើយ​រេ​មើល​ជុំវិញ​មិន​បាន​ឃើញ​មាន​ពល​រេ​សេនា​អ្វី​មក​តាម​សោះ ក៏​មិន​ដឹង​ថា សត្វ​នេះ​នាំ​ទ្រង់​មក​ដល់​ទីណា បាន​ជា​គ្មាន​គេ​តាម​មក​សោះ?
ទ្រង់​អស់​សង្ឃឹម ព្រោះ​ថា​នឹង​រក​មធ្យោបាយ​យ៉ាង​ណា​ឡើង​ជួយ​ភរិយា​ក៏​គង់​មិន​រួច ដូច្នេះ​ព្រះរាជ​បុត្រា​បាន​សម្រេច​ចិត្ត​វិលវល់ រវាង​ថា​នៅ​យាម​ប្រពន្ធ​ក្រោម​ដើមឈើ​ខ្ពស់​ស្រឡៅ ឬ​ត្រូវ​ស្វែងរក​ផ្លូវ​ចាកចេញ​ត្រលប់​ទៅ​កាន់​ទី​ពន្លា​វិញ​រក​ជំនួយ?
ទីបំផុត​ទៅ ទ្រង់​នៅតែ​មិន​អាច​សម្រេចចិត្ត​ចាកចោល​នាង​បាន​ជា​ដាច់ខាត ដូច្នេះ​បាន​អង្គុយ​រង់ចាំ​ក្រោម​ដើមឈើ​នោះ ក្រែង​មាន​គេ​តាម​មក​ឃើញ ប៉ុន្តែ​ស្ងាត់​សូន្យ​រហូតដល់​យប់យន់​គ្រប​ដណ្តប់​មក​ពេញ​ផែនដី។
ចំណែក​ព្រះ​បុត្រី​ចិន​នៅតែ​សន្លប់​ស្ដូក ទោះ​ប្ដី​កម្សត់​ហៅ​ដាស់​យ៉ាង​ណា​ក៏​ព្រះ​នាង​មិន​បាន​មាន​ចម្លើយ​ថា​យ៉ាង​ណា​ឡើយ។ ព្រះរាជ​បុត្រា​នឿយហត់​ក៏​លង់​ក្នុង​ដំណេក​នា​វេលា​អធ្រាត្រ។
គ្រាប់​ត្បូង​នោះ​ធ្លាក់​ចុះ​មក​ខ្ពាក នាំ​ឱ្យ​ព្រះអង្គ​ដឹង​ព្រះ​កាយ​ឡើង​ពេលព្រឹក​ព្រលឹម។ ទ្រង់​អរ​ណាស់​រើស​គ្រាប់​ត្បូង​មក​ពិនិត្យ ហើយ​អើតមើល​ភរិយា​នាង​នៅ​សន្លប់​ឈឹង​សូន្យ​ដូច​ក្ស័យ​ព្រះ​សង្ខារ។
ទ្រង់​ស្រែក​ហៅ​ដដែល នៅ​តែ​ព្រះ​នាង​មិន​កម្រើក ហើយ​ទត​ជុំវិញ​ព្រះ​កាយ​ក៏​មិន​ឃើញ​មាន​អ្នក​ណា​មក​តាម​ឃើញ​ដែរ។
ថ្ងៃ​ត្រង់​ឈាន​ដល់ ដោយ​ហេវ​ហត់ ទ្រង់​បាន​ស្វែងរក​អាហារ​ផ្លែ​ឈើ​ព្រៃ និង​ក្រេប​ទឹកស្ទឹង​ជា​ចម្អែត។
ព្រះ​ស្វាមី​កម្សត់​បាន​ធ្វើ​បែបនេះ​រយៈ​ពេល​១០​ថ្ងៃ រក្សា​ភក្ដី​មិន​ចាកចោល​ភរិយា ព្រោះ​ជឿ​ថា ប្រសិន​ព្រះ​នាង​សុគត ហើយ​ក៏​គង់តែ​ត្រូវ​រលួយ​ធ្លាក់​មក​បាន​កប់​សព​ដោយ​ព្រះហស្ត​អង្គ​ដែរ។
យប់​ថ្ងៃ​ទី​១១​ ពេល​សន្ធឹក​ខ្យល់​បំប៉ើង​សក់​ទ្រង់ ព្រះអង្គ​តើន​ឡើង​ឃើញ​សត្វ​ចម្លែក​នោះ​សាជាថ្មី​ ហើយ​វា​បាន​ហើរ​នាំ​ព្រះ​នាង​ចាក​ចេញពី​ចុង​ឈើ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង។
ព្រះអង្គ​ចាប់ផ្ដើម​រត់​ត្រុកៗ​លើ​ដី​ពីរ​យប់​ពីរ​ថ្ងៃ​តាម​ទិស​នោះ ទើបបាន​ទៅដល់​ទីក្រុង​មួយ​ដ៏​អស្ចារ្យ​មួយ។
ដោយសារ​ព្រះរាជបុត្រ​លែង​ឃើញ​ភរិយា​២​ថ្ងៃ​មក​ហើយ ទ្រង់​បាន​បាត់បង់​ក្ដី​សង្ឃឹម​ក្នុង​ការ​បាន​ទទួល​ព្រះ​បុត្រី​ស្ដេច​ចិន​វិល​មក​វិញ​ទៀត​ឡើយ។
ព្រះអង្គម្ចាស់​យាង​ដោយ​ទុក្ខ​ព្រួយ​ចូល​កាត់​កំផែង​ទីក្រុង។ នេះ​ជាទី​ក្រុង​សាងសង់​ឡើង​ជាប់​នឹង​មាត់​សមុទ្រ។ ព្រះរាជ​បុត្រា​ពនេចរ​បាន​ត្រាច់​គ្រប់​ទីកន្លែង រហូត​បាន​មក​ដល់​កំពង់​ផែ។
នៅ​ទីនោះ ទ្រង់​បាន​មើល​ឃើញ​សួនច្បារ​ដែល​មាន​ច្រក​ទ្វារ​បើក​ចំហ​ជា​ស្រេច ជា​សួន​ដែល​មាន​អ្នក​យាមកាម​ត្រឹមត្រូវ​គត់មត់។
ឆ្មាំ​បាន​ឃើញ​ទ្រង់​ក៏​ទាញ​ទ្វារ​បិទ តែ​ព្រះរាជបុត្រ​បាន​គំហក​សួរ​ដោយ​ពិរោធ​ថា៖
«នែ៎​ឆ្មាំ​ទុរគត​តោកយ៉ាក? ហេតុអ្វី​យើង​មិន​អាច​យាង​ចូល​សួន​របស់​ឯង​បាន? តើ​វា​ជា​តំណម​អ្វី ឬ​ជា​សេចក្ដី​កំណាញ់​ចិត្ត​របស់​ឯង​ទេ?»
ឆ្មាំ​សួន​បាន​តប​សម្ដី​មក​វិញ​ភ្លាម​ដែរ​ថា៖
«អ្នក​ឯង​មើល​ទៅ​ដូចជា​មនុស្ស​ចម្លែក​ពេក!»
រាជ​បុត្រា​បាន​តបត​ឡើង​ថា៖
«យើង​ជា​ពូជ​រាជា​មក​ពី​នគរ​មួយ អ្នក​មិន​ស្គាល់​ទេ! ដូច្នេះ​យើង​ចម្លែក​ជា​រឿង​ត្រឹមត្រូវ! ចំណែក​ពីរ​ថ្ងៃ​មក​ហើយ​នេះ យើង​បាន​បាត់បង់​នារី​ដែល​ជា​ភរិយា​សម្លាញ់​ទៅ​នឹង​ភ្នែក​ស្រស់ តើ​អ្នក​ឱ្យ​យើង​ធ្វើ​ដូច​ជន​ធម្មតា​កើត​ដែរ?»
ឆ្មាំ​ឮ​ហើយ​ហើយ ត្អូញ​ឡើង​ថា៖
«ព្រះ​ឱ​ឡោះ! តើ​លោក​នេះ​ពិត​ជា​មាន​គេ​កម្សត់​ជាង​ខ្ញុំ​ទៅទៀត? ចូរ​អ្នក​ចូល​មក​ចុះ ខ្ញុំ​នឹង​ដាក់​ទាន​អាហារ ព្រមទាំង​ទឹក​ផង គ្រាន់តែ​អ្នក​និយាយ​រឿងរ៉ាវ​ទាំងស្រុង​ឱ្យ​ខ្ញុំ​នេះ​បាន​ស្ដាប់​បាន​ដឹង! តើ​ជីវិត​អ្នក​ជូរចត់​បែប​ណា​ខ្លះ​ទៅ​ហើយ?»
ព្រះ​បុត្រា​ពេញ​ដោយ​អំណរ ហើយ​ទទួលយក​ទាន​បរិសុទ្ធ​ពី​អ្នកថែរក្សា​សួនច្បារ។ រាត្រី​នោះ​ទ្រង់​បាន​ប្រាប់​គាត់​នូវ​ដំណើររឿង​ទាំងស្រុង ហើយ​បាន​ប្រាប់​ទៀត​ថា រាជវាំង​កំណើត​ក៏​ជា​តំបន់​សមុទ្រ សង្ស័យ​តែ​ថា​នៅ​ក្បែរ​នេះ​ផង​ក៏​មិន​ដឹង?
គឺ​ព្រះរាជបុត្រ​បាន​ត្អូញ​បន្ថែម​ថា៖
«ឱ​ឆ្មាំ​ដ៏​សប្បុរស​អើយ! ពេល​រំលឹក​ដល់​រាជ​នគរ យើង​ហាក់​ដូច​ជា​នៅ​មិន​សុខ​ក្នុង​ព្រះទ័យ ព្រោះ​គិត​ខ្លី​ចំណាយ​ឥតប្រយោជន៍​ក្នុង​ការ​រង់ចាំ​ព្រះ​នាង​ចិន​១១​ថ្ងៃ​ ចោល​បិតា​ជរា​ដែល​នៅ​រង់ចាំ​ទាំង​ដែល​មិន​ដឹង​ទេ​ថា នៅ​លើ​ចុង​ឈើ​នោះ ព្រះ​នាង​នៅ​រស់​បាន​របៀប​ណា​ដែល​មិន​វាចា​សូម្បី​តែ​មួយ​សំឡេង?»
អ្នក​ថែ​សួន​នេះ​បាន​និយាយ​សម្រាល​ព្រះទ័យ​ទ្រង់​ដែរ​ថា៖
«មិន​មាន​ផ្ទះ​ឯណា​ដែល​ឆ្ងាយ​ត្រូវ​ដើរ​ពេញ​មួយ​ជីវិត​នោះ​ទេ! ទ្រង់​យាង​ធ្វើដំណើរ​វែងឆ្ងាយ​ទៅ​រក​ភរិយា​រៀបការ​បាន មិន​ដែល​ថា​មិន​អាច​ឈាន​ដល់​ប្រទេសជាតិ​កំណើត​របស់​ឪពុក​វិញ​កើត? ក្នុង​ពិភពលោក​នេះ ទៅ​កន្លែង​ណា​ក៏​មានតែ​ជនជាតិ​ម៉ូស្លីម​រស់នៅ​ដែរ! ផ្លូវ​ដែល​ខ្លី​ជាង​គេ​បំផុត គឺ​ផ្លូវ​ដែល​ទៅ​មុខ​គ្មាន​ឈប់ឈរ និង​គ្មាន​អស់​សង្ឃឹម! ខ្ញុំ​ដឹង​ថា នៅ​ខាង​មុខ​នេះ​គឺ​អាច​ឆ្ពោះ​ទៅ​កាន់​កោះ​ មួយ​មាន​ឈ្មោះ​ពី​បុរាណ​ថា អេ​បូ​នី! ពី​វា​ទៅ ជា​ប្រជុំជន​ដែល​សំពៅ​ពួក​ឈ្មួញ​នានា​តែងតែ​សំចត​ហ៊ឹកហ៊ាក់​ជា​រៀង​រាល់​ឆ្នាំ! នាវា​មក​ពី​តំបន់​ណា​ក៏​ធ្លាប់​មក​កាន់​កោះ​នោះ គួរ​ណាស់​តែ​អ្នក​ទីនោះ​ជា​អ្នក​ចេះ​ដឹង​ផ្នែក​ភូមិសាស្ត្រ​អាច​ជួយ​អ្នក​បាន! ប៉ុន្តែ​ពួកគេ​ជុំ​គ្នា​តែ​មួយ​ឆ្នាំ​ម្ដង​ប៉ុណ្ណោះ ដូច្នេះ​អ្នក​នឹង​ត្រូវ​តែ​រង់ចាំ​រហូត​ដល់​ពេល​នោះ! ឥឡូវ​កុំ​ខ្លាច​ភាព​ឯកោ អ្នក​អាច​រស់នៅ​ជាមួយ​ខ្ញុំ ទទួលយក​ខ្ញុំ​ថា​ជា​អ្នក​ផ្ទះ​របស់​អ្នក​ទៅ​ចុះ! ហើយ​សួន​ដែល​ខ្ញុំ​ស្រលាញ់​ស្មើ​នឹង​ជីវិត​នេះ ក៏​ទុក​ថា​ជា​របស់​អ្នក​បាន​ដែរ!»
ព្រះរាជបុត្រ​មាន​សេចក្ដី​រីករាយ​ជា​អនេក ជឿ​ថា​គឺ​ព្រះ​ឱ​ឡោះ​ដែល​ប្រទាន​មនុស្ស​ល្អ​បែបនេះ​មក​លួងលោម​ជីវិត​ប្រាសព្រាត់​របស់​ទ្រង់។
ព្រះអង្គ​តែងតែ​ព្យាយាម​រស់នៅ​ក្នុង​ជីវភាព​ជា​រាស្ត្រ​សាមញ្ញ ជួយ​លក់​ផ្កា និង​ថែទាំ​សួន ពុំ​ដែល​ខ្ជិល​ច្រអូស រហូត​ដល់​អ្នក​ថែ​សួន​ស្រលាញ់​ទ្រង់​ដូច​កើត​ពី​ផ្ទៃ​តែមួយ។
មិន​យូរ​ប៉ុន្មាន រយៈពេល​ច្រើន​ខែ​បាន​រំលង​ទៅ នៅ​ទីបំផុត​ពេលវេលា​ជុំ​គ្នា​របស់​ពួក​ឈ្មួញ​ពិត​ជា​ចូល​មក​ដល់​ដូច​អ្នក​ថែ​សួន​បាន​និយាយ​ប្រាប់​មែន….
នៅ​ខាង​នេះ​វិញ រៀបរាប់​ពី​ព្រះ​ធីតា​នគរ​ចិន ពេល​ព្រះ​នាង​តើន​ឡើង​មិន​បាន​ឃើញ​ព្រះ​ស្វាមី​Zamaan​ នៅ​ក្បែរ​ព្រះ​កាយា ព្រះ​នាង​បាន​ចរ​ចេញ​ពី​ទី​សយនា ហើយ​សួរ​ទៅ​ស្រី​បម្រើ​អាមាត្យ​ទាំងឡាយ តើ​ពួក​ខ្ញុំបម្រើ​បាន​ឃើញ​ព្រះអង្គ Zamaan ដែរ? ប៉ុន្តែ​ពួកគេ​សុទ្ធតែ​អះអាង​ថា​ បាន​ឃើញ​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា​នោះ ប៉ុន្តែ​មិន​បាន​ឃើញ​យាង​ចេញ​មក​វិញ​ឡើយ។
ព្រះ​នាង​បាន​កើត​ចិត្ត​ឆ្ងល់​ចម្លែក ទ្រង់​យាង​ចូល​មក​វិញ​ក៏​ឃើញ​ខ្សែ​ក្រវាត់​របើក​ចំហ​នូវ​ប្រអប់​តូច​មួយ រី​ឯ​ត្បូង ​Carnelian​ បាន​បាត់បង់​ទៅ​ហើយ។
ព្រះ​នាង​ចាប់​អង្គុយ​ចុះ ហើយ​ដឹង​ថា ប្រាកដ​ថា​ព្រះ​ស្វាមី​ដែល​មិន​ដឹង​តំណម ហើយ​រពឹស​បាន​យក​វា​ចេញ​ពី​កន្លែង​ដើម។
«ឱ​មាតា​កូន​អើយ! តើ​ប្ដី​កម្សត់​នេះ​ឬ​ដែល​បាន​ត្រូវ​រង​ការ​ដាក់​បណ្ដាសា​លើ​ត្បូង Carnelian​? ឱ​ស្វាមី​ដ៏​កម្រ រូប​បង​បាត់​ទៅ តើ​អូន​ជា​ស្រី​ការពារ​ខ្លួន​បែប​ណា​ពី​ពួក​ប្រុសៗ​ល្មោភ​កាមគុណ​លើ​លោក?»
ព្រះ​នាង​សោយសោក​តែ​អង្គ​ឯង រហូត​ដល់​រាត្រី​ដែល​ទាសករ​ដេកលក់​ស្ងាត់​ទូទាំង​ជំរំ ព្រះ​នាង​បាន​ស្លៀកពាក់​បន្លំ​ធ្វើជា​ព្រះអង្គម្ចាស់ Zamaan ហើយ​បិទ​មុខ​ជិត កុហក​ថា​មាន​រោគ​ផ្ដាសាយ និង​បាន​បញ្ជា​ឱ្យ​អាមាត្យ​ចាប់ផ្ដើម​ក្រោក​ឡើង ប្រមូល​អីវ៉ាន់​បន្ត​ធ្វើ​ដំណើរ​របស់​ពួកគេ​ទាំង​យប់។
ពួកគេ​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល​ជា​ច្រើន​ខែ​ទាំង​លើ​ដី​គោក និង​តាម​សមុទ្រ។ ព្រះ​នាង​នៅតែ​បន្លំ​ព្រះ​កាយ​ក្រោម​នាម​រាជបុត្រា Zamaan ហើយ​ចុង​ក្រោយ ពួកគេ​បាន​មក​ដល់​កោះ​អេ​បូ​នី​ដែល​មាន​រាជា​សោយរាជ្យ ទ្រង់​ព្រះនាម​ថា អា​រ៉ា​ម៉ា​នូស។
អ្នក​ចាំ​ទ្វារ​ក្រុង​បាន​រត់​ទៅ​ជូនដំណឹង​ទ្រង់​ថា៖
«បពិត្រ​ព្រះរាជា​ដ៏​ចម្រើន! ព្រះអង្គម្ចាស់ Kaamaraal Zamaan បាន​ចូល​ដល់​ក្នុង​ទីក្រុង​នេះ​ហើយ​ទ្រង់​ពិត​ជា​មាន​បរិវារ​ហែហម​ស្អេកស្កះ​សង្ហា​ពន់ពេក​ណាស់!»
ស្ដេច​អង្គ​នេះ​បាន​ទទួល​ភ្លាម ក៏​យាង​ទៅ​ទទួល​ដំណើរ​ព្រះអង្គម្ចាស់ Zamaanក្លែងក្លាយ​នោះ​ ហើយ​បាន​ផ្តល់​កិច្ច​ស្វាគមន៍​ជាពិសេស ព្រោះ​ចង់​បាន​ព្រះអង្គម្ចាស់​មក​ជា​កល្យាណ​មិត្ត។
ព្រះរាជា​អា​រ៉ា​ម៉ា​នូស​បាន​រៀប​ចំ​ការ​ស្នាក់នៅ​របស់​ព្រះ​នាង​ដែល​ក្លែង​ភេទ​នៅ​ក្នុង​ដំណាក់​ឯកជន​មួយ ពេញ​ដោយ​មណ្ឌល​កម្សាន្ត​ពាសពេញ។
ទ្រង់​សំណូមពរ​ឱ្យ​ព្រះ​នាង​ក្រសាល​ទីនេះ​ពីរ​បី​ថ្ងៃ មុន​បន្ត​ដំណើរ​ជា​ការ​រាប់អាន និង​ចងចាំ​អនុស្សាវរីយ៍​នៃ​មិត្តភ័ក្ដិ​នៅ​នគរ​អេ​បូ​នី។
វេលា​លាង​សាយភោជន ព្រះមហាក្សត្រ​បាន​ទូល​ទ្រង់ Zamaan ដែល​ក្លែងភេទ​ថា៖
«សម្លាញ់​របស់​យើង! អ្នក​ក៏​ឃើញ​ថា យើង​ចាស់​ចំណាស់​នេះ​ហើយ មាន​ភរិយា​ដល់​ទៅ​បួន​តាម​ការ​សន្ដោស​នៃ​ព្រះ​ឱឡោះ ចុះ​ម្ដេច​បែរ​ជា​គ្មាន​បុត្រា មាន​តែ​រាជបុត្រី!? អ្នក​មុខតែ​ចង់​ឃើញ​ព្រះ​នាង! រាជបុត្រី​យើង​ព្រះនាម Haital Nefoos គឺ​ព្រះ​នាង​ស្រស់​ស្អាត​ខ្លាំង​ណាស់! យើង​ឃើញ​អ្នក​ហើយ​ពិត​ជា​មាន​ចេតនា​ចង់​ឱ្យ​អ្នក​រៀបការ​ជាមួយ​ព្រះ​នាង ដើម្បី​ទទួលយក​មកុដ​ស្នងរាជ្យ លែង​ត្រាច់ចរ​ដាច់​សង្វែង​បែបនេះ​អ្វី​ទៀត! តើ​អ្នក​គិត​ដូច​ម្តេច​ដែរ​ទៅ?»
ការ​ផ្ដល់​ជូន​ដ៏​លើសលប់​ភ្លាមៗ​នេះ​បាន​ញ៉ាំង​ឱ្យ​ព្រះ​នាង​ក្លែងខ្លួន​ភាន់ភាំង។ ព្រះ​នាង​ចិន​ព្រះ​តម្រិះ​ថា វា​ជា​ការ​មិន​សមរម្យ​ឡើយ​ក្នុង​ការ​បញ្ឆោត​ស្ត្រី​ឋានៈ​ខ្ពស់​ម្នាក់​នេះ។
តែ​ព្រះ​នាង​ពិតជា​មានការ​លំបាក​ពន់​ពេក​នឹង​សម្រេច​ថា​គួរ​ប្រាប់​ការពិត​ដល់​ព្រះមហាក្សត្រ​ជរា​នេះ​ដែរ​ឬ​យ៉ាង​ណា?
ចុះបើ​បដិសេធ​នៅ​ពេល​ដែល​ភាគី​គ្រង​នគរ​នេះ​បាន​ជា​ជ្រុល​និយាយ​ភាសា​ស្នើសុំ​ដ៏​គួរ​ឱ្យ​អាម៉ាស់​នេះ​ទៅ​ហើយ តើ​គេ​នឹង​ខឹង ហើយ​បង្កើត​ទុក្ខទោស​បទ​បំពាន​កុហក​ព្រះរាជា​ដែល​នាំ​ទៅ​ដល់​ទោស​ដាច់​ក្បាល​ដល់​ព្រះ​កាយ​ព្រះ​នាង និង​រេហ៍ពល​ដែរ​ឬ​យ៉ាង​ណា?
ភាគ​បញ្ចប់
ព្រះ​នាង​ថែមទាំង​មិន​ប្រាកដ​ថា តើ​នឹង​រក​ឃើញ​ព្រះ​ស្វាមី​នៅ​ក្នុង​ប្រទេស​នេះ​បាន​ឬ​មិន​បាន​ផង​ សេចក្ដី​ភ័យ​បារម្ភ​បាន​ញ៉ាំង​ឱ្យ​ទ្រង់​ពិចារណា​ទទួល​យក​សំណើ​របស់​ព្រះមហាក្សត្រ​នៃ​កោះ​អេ​បូ​នី​នៅ​ព្រឹក​បន្ទាប់។ ប្រការ​នេះ​បាន​នាំ​ឱ្យ​ព្រះមហាក្សត្រ​អា​រ៉ា​មា​នូ​ស​សប្បាយ​ព្រះទ័យ​ឥតឧបមា។
ព្រះអង្គ​មាន​ព្រះរាជឱង្ការ​ឡើង​ថា៖
«សុណិសា​នៃ​យើង! ចូរ​អ្នក​ប្រាប់​មក តើ​អ្នក​ចង់​បាន​ជំនូន​យ៉ាង​ណា ក៏​បិតា​នឹង​រក​មក​ឱ្យ​ទ្រង់​ឱ្យ​ខាន​តែ​បាន!»
ព្រះ​នាង​ព្រះ​សណ្ដាប់​ចប់​កាល​ណា ក៏​ជ្រួលច្រាល់​ពេញ​ព្រះរាជ​ហឫទ័យ ព្រោះ​ថា​តើ​វាសនា​នឹង​ត្រូវ​មាន​ទោស​កំបុត​ក្បាល​នៅ​នឹង​នគរ​នេះ​ឬ​អ្វី?
ខ្លួន​ក៏​ជា​ស្រី តើ​នឹង​ក្លាយ​ជា​រាជសុណិសា​ម្ដេច​នឹង​បាន? ឬ​មួយ​ត្រូវ​ស្វែងរក​មធ្យោបាយ​ទប់ទល់​សិន?
បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី​ដោយ​រិះរក​ល្បិច​ទប់ទល់​ដោះ​ខ្លួន ព្រះ​នាង​បាន​មាន​បន្ទូល​ថា៖
«ឱ​រាជ​វរបិតា ទូលព្រះបង្គំ​មាន​កិត្តិយស​ខ្លាំង​ណាស់​សម្រាប់​ការដែល​អ្នក​បាន​ប្រគល់​រាជបុត្រី​ដ៏​វិសេស​ថ្លៃថ្នូរ​ជា​រាជ​ស្ត្រី​នេះ តែ​ខ្ញុំព្រះអង្គ​មាន​លក្ខខណ្ឌ​ថា សូម​ព្រះករុណា​ប្រោស​ប្រទាន​ពេលវេលា​ខ្លះ មុន​ការ​រៀប​ពិធី​អាពាហ៍ពិពាហ៍ ដើម្បី​បង្កើត​ជា​ចំណង​មេត្រី​នៃ​សេចក្ដី​យល់ចិត្ត​ជា​មុន! នេះ​ក៏​ជា​ទម្លាប់​បុរាណ​នៃ​នគរ​ទូលព្រះបង្គំ​ផង​ដែរ!»
ស្ដេច​អង្គ​នេះ​ហេតុតែ​​ពុំ​ដែល​មាន​រាជ​បុត្រា ក៏​កើត​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​មាន​អ្នក​ព្រម​ទទួល​ស្នង​មរតក ទើប​ព្រះអង្គ​យល់ព្រម​គ្រប់យ៉ាង​តាម​រាជសុណិសា​ពុំ​ទាន់​ពេញ​ច្បាប់​នេះ។
ថ្ងៃ​បន្ទាប់ ព្រះរាជា​បាន​កោះហៅ​ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​ដើម្បី​ប្រកាស​ពី​រឿង​នេះ ធ្វើ​ឱ្យ​ប្រជាជន​នៃ​នគរ​អេ​បូ​នី​បាន​អរ​សប្បាយ​ជា​ពន្លឹក។
នៅ​ពេល​ល្ងាច ស្នំ​បាន​យាង​ព្រះរាជបុត្រ Zamaan ក្លែងក្លាយ​ទៅ​ជួប​នឹង​ព្រះ​នាង​ជា​អនាគត​ភរិយា។ នៅ​ពេល​ដែល​បាន​នៅ​ស្ងាត់​តែ​ពីរ​ព្រះអង្គ ព្រះ​នាង​ចិន​បាន​ដោះ​មុខ​ចេញ ហើយ​បាន​រៀបរាប់​យ៉ាង​ស្មោះត្រង់​នូវ​ជីវិត​ពិត​នៃ​ដំណើរ​ត្រាច់ចរ​ដាច់​សង្វែង​ស្វែងរក​ស្វាមី​របស់​ព្រះ​នាង ហើយ​សន្យា​ស្បថ​គ្នា យក​ព្រះ​នាង​នេះ​ជា​មិត្ត​មួយ​ជីវិត​តទៅ។
ព្រះ​នាង​បាន​សណ្ដាប់​ចប់​កាលណា ក៏​ស្រយុត​ព្រះទ័យ​បន្ទូល​ឡើង​ថា៖
«ឱ​ព្រះ​នាង​ចិន​អើយ! យើង​តែង​គិត​ថា យើង​នេះ​ហើយ​ជា​ព្រះ​នាង​ខ្សត់​ញាតិ គ្មាន​មិត្ត​ជាងគេ​លើ​លោកធំ​ធេង​នេះ! ដឹង​អី​ថា​ព្រះ​នាង​នេះ​មាន​ជោគ​វាសនា​រឹតតែ​ចម្លែក និង​អភព្វ​ណាស់​ទៅ​ទៀត!យើង​សុំ​ដល់​ព្រះ​ឱ​ឡោះ​ថា កុសល​របស់​យើង​សាង​មក​កាលណា សុំ​អធិស្ឋាន​ឱ្យ​ព្រះ​នាង​ចិន​នឹង​ ឆាប់​បាន​ជួបជុំ​ជាមួយ​ប្ដី​របស់​អ្នក​កុំ​ខាន! ហើយ​ខ្ញុំ​រក្សាទុក​ការសម្ងាត់​នេះ រហូត​ដល់​អ្នក​ទទួល​បាន​ជួបជុំ ហើយ​ទទួល​ទុក​ខ្ញុំ​ជា​មិត្តភ័ក្ដិ​របស់​អ្នក​ក្នុង​ជីវិត​នេះ​ផង​ចុះ!»
ព្រះ​នាង​ចិន​ឮ​ហើយក៏​តប​វិញ​ថា៖
«ឱ​ព្រះ​រាជធីតា​ដ៏​មានចំណេះ​និង​ពេញ​ដោយ​សប្បុរស​ចរិយា! តើ​ព្រះ​នាង​ព្រម​ទេ បើ​យើង​នឹង​ស្ដី​ដណ្ដឹង​ទ្រង់​ជា​ភរិយា​ម្នាក់​ទៀត​នៃ Kaamaraal Zamaan?! ទ្រង់​ជា​ឥស្លាម​សាសនិក មិន​យូរ​មិន​ឆាប់ គង់​តែ​មាន​ភរិយា​បួន​ទៅ​តាម​គម្ពីរ ចុះ​ហេតុអ្វី​យើង​នេះ​មិន​ព្រម​ភ្ជាប់​ខ្សែ​ជីវិត​រួម​ជាមួយ​នឹង​គ្នា​តែ​ម្ដង នឹង​អាល​យើង​នាំ​ព្រះ​ធីតា​ចេញ​ដើរ​មើល​ពិភពលោក​នេះ​ជាមួយ​គ្នា?!»
ព្រះរាជា​ធីតា​ឮ​ហើយ​ក្រហម​ព្រះ​ភក្ត្រ​ដោយ​អៀនប្រៀន។ ទ្រង់​ទាញ​ស្បៃ​មក​គ្រប​មុខ​វិញ ប៉ុន្តែ​ទ្រង់​លួច​ញញឹម ធ្វើ​ឱ្យ​ព្រះ​នាង​ចិន​អាច​កាត់​យល់​បាន​នូវ​ចម្លើយ​ជាស្រេច​ទៅ​ហើយ។
នៅ​ខាង​សួន​ឯណេះ​វិញ ពេល​ដែល​អ្វី​ទាំង​អស់​នេះ​កំពុង​ត្រូវ​បាន​កើតឡើង​នៅ​កោះ​អេ​បូ​នី ព្រះ​បុត្រា Zamaan មែន​ទែន​ដែល​រស់នៅ​រង់ចាំ​ពួក​នាវា​នាយ​អា​ប៉ា​មក​ជុំ​គ្នា​ប្រចាំ​ឆ្នាំ​នោះ ទ្រង់​ក៏បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ចាកចេញ។
ទ្រង់​បាន​រៀប​បង្វេច ហើយ​បាន​ឡើង​ទៅ​ជួប​ឆ្មាំ​សួន​ដោយ​និយាយ​ថា៖
«មិត្ត​អើយ! អ្នកជា​វត្ថុ​ដ៏​ល្អ​ដែល​ព្រះ​បាន​ប្រទាន​មក​យើង! យើង Zamaan ជាតិ​នេះ​នឹង​ចងចាំ​អ្នក​ជានិច្ច​នៅ​ក្នុង​បេះដូង​នេះ!»
អ្នក​ថែ​សួន​បាន​ស្រែក​ទ្រហោយំ​អំណើះ​នឹង​ព្រាត់​គ្នា មិន​ដឹង​ថា​ពេល​សម​គួរណា​នឹង​បាន​ជួប​វិញ​ទេ។ហើយ​ក៏​បាន​ជូន​សម្លាញ់​នេះ​ទៅ​ដល់​ច្រាំង។ លុះ​មក​ឃើញ​ពួក​នាវា​សំចត​ចោល​ទំនេរ ទ្រង់ Zamaan បាន​ឡើង​ទៅ​ស្នើសុំ​ពួកគេ​ថា៖
«ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ចំណោម​ពួក​ថ្វាយបង្គំ​ព្រះ សូម​អ្នក​អនុញ្ញាត​ឱ្យ​ជន​ម៉ូស្លីម​ម្នាក់​នេះ​ទទួល​បាន​កៅអី​មួយ​នៅ​ក្នុង​នាវា ហើយ​ឆ្លង​ទៅកាន់​កោះ​អេបូនី​ផង»
នាយ​នាវា​មក​ពិនិត្យ​ភិនភាគ​រាជបុត្រា ឃើញ​ថា​ព្រះ​ភក្ត្រ​ស្រស់ថ្លា​ចិញ្ចាច​សមជា​បញ្ញវន្ត ចំណែក​បង្វេច​សូត្រ​របស់​ទ្រង់​ពិតជា​សូត្រ​ល្អ មាន​ដេរ​ប៉ាក់​យ៉ាង​សិល្បៈ​វិចិត្រកម្ម គេ​ក៏​ដឹង​ថា ទ្រង់​ប្រាកដជា​មាន​កំណើត​ក្នុង​រាជវង្ស​ណា​មួយ ពុំ​នោះ​ជា​ត្រកូល​ជាន់ខ្ពស់​មក​ដាច់​សង្វែង​ពុំខាន ពួកគេ​ក៏​សំពះ​រីករាយ​ស្វាគមន៍​ក្នុង​ការ​ផ្ដល់​ជា​ទាន​កៅអី​មួយ​កន្លែង​សម្រាប់​ធ្វើ​ដំណើរ។
នាវា​នោះ​បាន​យាង​នាំ​ទ្រង់​ចេញទៅ​ឆ្ងាយ​យ៉ាង​អាឡោះអាល័យ​ពី​មិត្ត​ជា​ឆ្មាំ​ថែ​សួន។ និយាយ​ពី​នាយ​នាវិក​អា​ប៉ា​ក៏​បាន​រិះរេ ឆ្លៀតពេល​ឡើង​ជួប​ទ្រង់​ភ្លាម ហេតុតែ​គេ​នេះ​មាន​ទម្លាប់​ជា​បុគ្គល​ពូកែ​និយាយ​លេង​ដើម្បី​ចង់​រៀនចំណេះ ទទួល​ព័ត៌មាន​ពី​នគរ​នានា​លើ​លោក។ គេ​ក៏​ចាប់ផ្ដើម​ជជីក​សួរនាំ​រឿងរ៉ាវ​ខ្លះ​ក្នុង​គម្ពីរ​កូរ៉ាន់។
លុះ​ព្រះអង្គ​អាច​បកស្រាយ​អស់​សេចក្ដី​បាន​ហើយ នាយ​នាវិក​ក៏​ទូល​សួរ​វិញ​ថា៖
«តើ​ឱ្យ​យើង​ជឿ​ថា អ្នក​បាន​ចំណាយ​ពេល​រាប់​ខែ​លើ​សួន​គ្មាន​ន័យ​នោះ​ដោយ​មិន​ទៅ​ណា​សោះ?!»
ទ្រង់ Zamaan តប​ថា៖
«មក​តែ​ពី​នាយ​មិនទាន់​យល់​ពី​អត្ថន័យ​នៃ​ស្នេហ៍​រវាង​យើង​នឹង​រាជធីតា​យើង មាន​តែ​ប្រាថ្នា​ពីរ​ក្នុង​លោកា​នេះ គឺ​បាន​ជួប​ព្រះ​នាង និង​យាង​ព្រះ​នាង​ចូល​ទៅ​គាល់​មាតាបិតា​ចូល​ជរា​របស់​យើង​នៅ​ឯ​រាជ​នគរ​កំណើត! យើង​អត់ធ្មត់​រង់ចាំ​អ្នក​នៅ​ទីនេះ​ជាមួយ​មិត្ត​ដ៏​ល្អ​ដែល​ព្រះ​ឱឡោះ​ទ្រង់​ប្រោស​ប្រទាន!»
ឈ្មួញ​នាវា​ឮ​ហើយ ក៏​ពោល​តប​ថា៖
«ច្នេះ​ចូរ​ទ្រង់​យាង​មក​គង់​សម្រាក​ក្នុង​ឃ្លាំង​អាហារ បរិភោគ​ប្រការ​តាម​ចិត្ត​ចង់ ព្រោះ​ទីនោះ​កក់ក្ដៅ​និង​ពិសេស​ជាង​ទី​ដទៃ!»
ស្ដេច ​Zamaan ពិត​ប្រាកដ​អង្គ​នេះ​បាន​សម្រាក​យ៉ាង​ល្ហែល្ហើយ ក្រោម​ការ​ទំនុក​បម្រុង​នៃ​ឈ្មួញ​ម៉ូស្លីម ទម្រាំ​បាន​មកដល់​រដ្ឋធានី​នៃ​កោះ​អេ​បូ​នី ចំ​ពេល​រាជវាំង​កំពុង​អ៊ឹកធឹក​ដោយ​ពី​ធី​ជប់លៀង។
ព្រះ​នាង​ចិន​បា​ឌូ​រ៉ា​ក្នុង​ការ​តុបតែង​ជា​ស្វាមី​ខ្លួន ក៏​ដោយ​សារ​ចិត្ត​មិន​ដែល​ស្រាក​ពី​ការ​នឹកនា ទ្រង់​មិន​សប្បាយ​នឹង​ពិធី បែរជា​យាង​ត្រមោច​មក​អង្គុយ​លំហែ​ទុក្ខ​នៅ​លើ​ឆ្នេរសមុទ្រ។
នៅ​ពេល​បាន​ឮ​សន្ធឹក​កប៉ាល់​មក​ដល់​ពី​ទីក្រុង​ឆ្ងាយ ព្រះ​នាង​ហាក់​សោមនស្ស ហើយ​តែងតែ​គិត​ភ្លាម​អំពី​ព្រះអង្គម្ចាស់​ជា​ស្វាមី​ថា តើ​នាវា​នេះ​មាន​ទ្រង់ Zamaan នៅ​ជាមួយ​ដែរ​ឬ​យ៉ាង​ណា?
ដូច្នេះ​នាង​បាន​គិត​ថា ព្រះ​នាង​ត្រូវ​រក​គ្រប់​វិធី​ឱ្យ​បាន​ជួប​និយាយ​នឹង​បណ្ដា​អ្នក​នៅ​ទី​សំពៅ​នោះ។ ព្រះ​នាង​បាន​ចរចា​សុំ​ចង​សម្ពន្ធ​នឹង​ម្ចាស់​នាវា ហើយ​តាម​សម្លៀកបំពាក់​ព្រះ​នាង​ដែល​ប្រើ​របស់​ស្វាមី​ក្លែង​ខ្លួន តើ​នឹង​ពិបាក​អ្វី​ទៅ​ក្នុង​ការ​ចង​សម្ពន្ធ​នឹង​អ្នក​ណា​ម្នាក់? ពិសេស​ពេល​ដែល​គេ​គ្រប់គ្នា​ត្រូវ​បាន​សេនា​ប្រាប់​ឱ្យ​ដឹង​ថា នេះ​ជា​រាជសុណិសា​ជិត​រៀបការ​នឹង​ព្រះ​នាង​នគរ​ខ្លួន​ទៀត។
មុន​ពេល​ចេញ​ទៅ​ស្វែងរក​ពាណិជ្ជករ​នៅ​ឯ​ផ្សារ ម្ចាស់​នាវា​អា​ប៉ា​បាន​ផ្កាំ​ឱ្យ​មេក្រុម​នាវិក​ម្នាក់​ទទួល​ទ្រង់​ Zamaan ក្លែងក្លាយ​នេះ​ឡើង​មក​លើ​នាវា​ធ្វើ​បដិសណ្ឋារកិច្ច​នានា​ផង ព្រោះ​ខ្លួន​ជាប់​រវល់។
នាយ​នាវា​អា​ប៉ា​ទៅ​បាត់ ព្រះ​នាង​បាន​យាង​ឡើង​មក​កាត់​ពី​មុខ​ប្ដី តែ​ភ្លាម​ៗ​នោះ ព្រះ​នាង​ឱ្យ​ខ្នង​មិន​មើល​មុខ​ទ្រង់​បាន​ជា​មិន​បាន​ឃើញ​គ្នា។
ព្រះ​នាង​បាន​លង់​ក្នុង​ការ​ចាប់អារម្មណ៍​មើល​ទំនិញ​នៅ​លើ​នាវា ដូចជា​សំពត់​ព្រែ កម្រាលព្រំ គ្រឿង​ក្រអូប ធញ្ញជាតិ​ដ៏​ល្អ​បំផុត​មកពី​នគរ​ឆ្ងាយៗ និង​គ្រឿងមាស​ពេជ្រ ថ្នាំ​មក​ពី​ប្រទេស​ឥណ្ឌា​និង​ប្រេង​អូលីវ​ជា​ដើម។
ព្រះ​នាង​ចិន​នៅ​តែ​មាន​សារជាតិ​ជា​នារី​បាន​វក់​ចិត្ត​ស្រលាញ់​ព្រែ​សូត្រ​ជា​អនេក​ដោយ​បាន​ប្រាប់​ប្រធាន​ក្រុម​នាវា​ឱ្យ​បង្ហាញ​គ្រប់​អ្វី​ដែល​ធ្វើ​អំពី​សូត្រ មុន​ពេល​យក​ទៅ​ឱ្យ​ពួក​គហបតី​លើ​គោក។
ប្រធាន​ក្រុម​នាវា​បាន​និយាយ​ឡើង​ថា៖
«ឱ​ព្រះ​សុណិសា​អើយ! ខ្ញុំ​នៅ​ឃើញ​ថា លោក​នេះ​មាន​សូត្រ​ដ៏​មាន​តម្លៃ​មួយ​បែប​ទៀត ប៉ុន្តែ​ស្ដាយ​ត្រង់​ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​ពាណិជ្ជករ​លើ​នាវា​នេះ​ទេ តែ​ជា​របស់​ឯកជន​នៃ​អ្នក​សុំ​ដោយសារ​ម្នាក់​ទៅ​វិញ!»
ព្រះ​នាង​ពិតជា​ចង់​ដឹង​ចង់​ឃើញ​ការ​អួត​នោះ​ណាស់ ដោយ​បាន​ឱង្កា​តប​វិញ​ភ្លាមៗ​ថា៖
«ចុះ​ម្ដេច​ក៏​នាយ​នាវិក​មិន​នាំ​ពួកគេ​នៅ​ទីនេះ​ឱ្យ​យើង​នឹង​បាន​ធ្វើ​ឱ្យ​ការចរចា​ជាមួយ?»
ប្រធាន​នាវិក​ឱន​កាយ​គំនាប់ ហើយ​រត់​ទៅ​ជួប​ទ្រង់ Zamaan មែន​ទែន។ មេក្រុម​រូប​នេះ​បាន​សួរ​ព្រះអង្គ​ពី​តម្លៃ​នៃ​បង្វេច​ភ្លែត។
គេ​ក៏បាន​និយាយ​លួងលោម​ថា៖
«សាសនិក​ឥស្លាម​ដ៏​ចេះ​ដឹង​អើយ! អ្នក​គ្មាន​ប្រាក់​ក្រីក្រ បើ​មាន​គេ​យក​១០០០​​បំណែក​នៃ​ប្រាក់​មក​ទិញ​ដូរ​យក​បង្វេច​សូត្រ​មួយ​នេះ នឹង​អាច​គ្រប់គ្រាន់​សម្រាប់​អ្នក​ក្នុង​ការ​ចាក​ចេញ​ត្រាច់ចរ​បាន​ដោយ​សោមនស្ស​ហើយ ចូរ​អ្នក​ព្រម​ទៅ​ចុះ!»
ព្រះអង្គ​ Zamaan គ្រវីក្បាល ហើយ​ធ្មេចភ្នែក​លង់លក់។ អ្នក​នាវិក​ទាល់​តម្រិះ​ក៏​វិល​ទៅ​ទូល​សុណិសា​តាម​សម្រួល ធ្វើ​ឱ្យ​ព្រះ​នាង​ចិន​រឹងរឹត​តែ​អន្ទះសា​ចង់​ដឹង ទើប​ស្ដេច​យាង​មក​ទត​ដោយ​ផ្ទាល់។
ប៉ុន្តែ​នៅ​ពេល​ដែល​ត្រូវ​នាវិក​ចង់​បាន​បង្វេច ទ្រង់ ​Zamaan យល់​ថា​គ្រោះថ្នាក់​នៃ​ការ​ប្លន់​កំពុង​គំរាម ដូច្នេះ​បាន​ជា​ទ្រង់​ធ្វើ​ពុត​ជា​លង់លក់។ លុះ​គេ​ចេញ​ទៅ​បាត់ ព្រះ​បុត្រា​បាន​ផ្លោះ​ឡើង​ច្រាំង ហើយ​រត់​ចេញ​ចោល​សំពៅ។
ព្រះ​នាង​ចិន​មក​ដល់​មិន​បាន​ឃើញ​ទ្រង់​ទៀត​ឡើយ ប៉ុន្តែ​ព្រះ​នាង​បាន​ឃើញ​ព្រះអង្គ​ភ្លេច​គ្រាប់​ត្បូង​នៅ​ទីនោះ។
នោះ​គឺ​គ្រាប់​ត្បូង​ Carnelian ​ស្ថិត​ក្នុង​ប្រអប់​សម្ងាត់​នៃ​ខ្សែក្រវាត់​ទ្រង់។ ព្រះ​នាង​ចិន​បាន​យក​វា​មក​ថើប​ច្រើន​ដង​ដោយ​រំភើប ហើយ​រត់​ត្រហេបត្រហប​មក​រក​ព្រះ​នាង​ Haital Nefoos កូនស្រី​ស្ដេច​អា​រ៉ា​ម៉ា​នូ​ស​នគរ​នេះ​ដោយ​បណ្ដេញ​អាមាត្យ​ស្នំ​ចេញ​អស់​ក៏​ទូល​ថា៖
«សម្លាញ់​រាជបុត្រី​នៃ​ខ្ញុំ! អ្នក​បាន​ឮ​រួច​មក​ហើយ​នូវ​រឿងរ៉ាវ​របស់ខ្ញុំ​និង​ព្រះអង្គម្ចាស់ Zamaan! ចូរ​ព្រះ​នាង​មើល​ចុះ នេះ​គឺជា​គ្រាប់​ត្បូង Carnelian​ ដែល​បាន​ទុក​នូវ​បណ្ដាសា​នាំ​យក​ប្ដី​របស់ខ្ញុំ​នៅ​ឆ្ងាយ​ពី​ខ្ញុំ! ឥឡូវនេះ វា​ត្រូវ​បាន​រក​ឃើញ ខ្ញុំ​ប្រាកដ​ថា ខ្ញុំ​នឹង​ទទួល​បាន​ប្ដី​របស់ខ្ញុំ​ត្រលប់​មក​វិញ​ផង​ដែរ!!»
ព្រះ​នាង Haital Nefoos ឮ​ហើយ​អរ​ណាស់ ក៏​បន្ទូល​តប​ថា៖
«ច្នេះ​ព្រះ​នាង​ចិន​ម្ដេច​មិន​សួរ​នាយ​សំពៅ ហើយ​បក​នាវា​វិល​ទៅ​រក​នៅ​កន្លែង​ដើម​របស់​បុរស​នោះ​វិញ​សិន?!»
ព្រឹក​ព្រលឹម​ថ្ងៃ​បន្ទាប់មក ព្រះ​នាង​ចិន​និង​ព្រះ​នាង​ Haital Nefoos បាន​ចេញ​ទៅ​រក​ប្រធាន​ក្រុម​នាវិក និង​បាន​សួរនាំ​អំពី​អ្នក​ម្ចាស់​បង្វេច​ដែល​បាន​បន្សល់ទុក​គ្រាប់​ត្បូង​តូច​ជ្រុះ​ក្នុង​បន្ទប់​ឃ្លាំង។
នាយ​នាវា​អា​ប៉ា​បាន​មក​ដល់​ដែរ គេ​ក្រាបទូល​ព្រះ​នាង​ទាំង​ទ្វេ​ថា បុរស​នោះ​មកពី​សួន​ផ្កា​មួយ​ដែល​មាន​ការរៀបចំ​យ៉ាង​ល្អ​នៅ​ឯ​នគរ​ខាង​ណោះ​ត្រើយ ជា​កន្លែង​ដែល​គាត់​ថា​បាន​រស់នៅ​រង់ចាំ​នាវា​ច្រើន​ខែ​មក​ហើយ ព្រោះ​រឭក​ប្រពន្ធ​និង​ម្ដាយ​ឪពុក​ដ៏​ជា​រា។
ព្រះ​នាង​ចិន​កាន់តែ​រង​អន្ទះសា ហើយ​ព្រះ​នាង​កូន​ស្ដេច​ជា​សម្លាញ់​ក៏​យល់​ការណ៍​បាន​មាន​ឱង្កា​ភ្លាម​ថា៖
«ប្រសិនបើ​អ្វី​ដែល​អ្នក​កំពុង​និយាយ​ជា​ការ​ពិត អ្នក​គួរតែ​ទៅ​នៅ​ថ្ងៃ​នេះ ទៅ​កាន់​ទីនោះ​ជាមួយ​យើង​ ហើយ​យក​បុរស​ម្ចាស់​សួន​មក​សួរនាំ បើ​រក​មិន​ឃើញ បាន​ន័យ​ថា​អ្នក​កុហក! ដូច្នេះ​ទេ យើង​នឹង​ឱ្យ​រាជការ​រឹបអូស​ទំនិញ​របស់​អ្នក និង​ដាក់ទោស​ដល់​ជីវិត​អ្នក​ទៀត!»
ដូច្នោះ​ហើយ ពួកគេ​បាន​ចេញ​ដំណើរ​ទាំង​ថ្ងៃ​និង​យប់ រហូត​មក​នៅ​ក្បែរ​ជិត​នឹង​ច្រាំង ហើយ​និង​បាន​ឱ្យ​ពួក​សេនា​ចេញ​ទៅ​បន្ត​តម្រង់​រក​សួន​ផ្កា​តាម​ពាក្យ​ដែល​ព្រះអង្គម្ចាស់ ​Zamaan​ ធ្លាប់​ប្រាប់​នាយ​នាវា​អា​ប៉ា។
បើ​ទោះ​បី​ថា ពេលនេះ​នៅ​ចំ​កណ្ដាល​អធ្រាត្រ តែ​ម្ចាស់​សួន​មិន​បាន​ដេក​លក់​ទេ។ ខណៈ​ពេល​ដែល​គាត់​បាន​ឮ​សំឡេង​គោះទ្វារ​ផ្ទះ គាត់​ក្រោក​មក​ភ្លាម ហើយ​បាន​បើកទ្វារ និង​ត្រូវ​បាន​កង​សេនា​ស្ទុះ​មក​ក្រៀក​ចាប់​គាត់​ដោយ​កម្លាំង។
ពួកគេ​បាន​នាំ​គាត់​ឡើងលើ​សំពៅ​ដោយ​សុវត្ថិភាព ហើយ​សួរនាំ​អំពី​ទ្រង់ Zamaan ពេល​នោះ​ហើយ​ព្រះ​នាង​ទាំងពីរ​ចាប់ផ្ដើម​យំ។
អ្នក​ថែ​សួន​ប្រាប់​ទៀត​ថា ពេល​នេះ​ទ្រង់ Zamaan កំពុង​ចង់​រក​ផ្លូវ​វិល​ទៅ​នគរ​ចាស់។
ចំណែក​នាយ​សំពៅ​ក៏​ត្រូវ​កូនចៅ​រំឭក​ប្រាប់​ពី​ហេតុ​ការ​សុំ​ទិញ​បង្វេច​នេះ ហើយ​យល់​ការណ៍​ថា​ត្រង់ Zamaan ពិតជា​ខ្លាច​អំពើ​ប្លន់​បាន​ជា​ទ្រង់​ភៀស​ព្រះ​កាយ។
ប្រធាន​ក្រុម​និង​ទាហាន​ត្រូវ​បាន​ចាត់​ឱ្យ​បក​ទៅ​វិញ ហើយ​ស្វែងរក​ពាសពេញ​អេ​បូ​នី ក្រែង​ឃើញ​អ្នក​ស្លៀកពាក់​របៀប​ជា​អ្នក​ថែ​សួន​ដែល​មាន​បង្វេច​សូត្រ​មួយ​ជាប់​ខ្លួន។
ទីបំផុត ពួក​ទាហាន​បាន​រក​ឃើញ​ព្រះរាជ​បុត្រា​កំពុង​សម្រាក​នៅ​ក្នុង​វិហារ​មួយ។
ដោយ​មិន​បាន​និយាយ​មួយ​ម៉ាត់ ពួកគេ​បាន​រាយ​គ្នា​ព័ទ្ធ​ចាប់​ទ្រង់។
ព្រះរាជបុត្រ​បាន​សួរ​ពួក​គេ​អំពី​អ្វី​ទៅ​ដែល​ជា​ហេតុផល​ក្នុង​ការ​ចាប់​នេះ ក្រុម​ទា​ហ៊ាន​បាន​លើក​ឡើង​ថា៖
«តើ​អ្នក​ឯង​បាន​ឈ្មោះ Zamaan ពី​ណា​មក​នឹង​ដើរ​កុហក​គេ បោក​ទាំង​អ្នក​ថែ​សួន​នៅ​នគរ​ជិត​នេះ?បើ​តាម​ការ​ពិត​ទៅ រាជបុត្រ​ Zamaan គឺ​ជា​រាជសុណិសា! ទ្រង់​មាន​ពេល​ឯណា​ទៅ​រស់នៅ​នឹង​អ្នក​ថែ​សួន​ដល់​ទៅ​រាប់​ឆ្នាំ?!»
ព្រះអង្គម្ចាស់ Zamaan បាន​លើក​ឡើង​ប្រឆាំង​ទាំង​ចិត្ត​សង្ស័យ​ថា៖
«យើង​មាន​កិច្ចការ​បន្ទាន់​ត្រូវ​វិល​ទៅ​នគរ​វិញ ចូរ​ឯង​លែង​យើង! ពុំ​នោះ​ទេ យើង​ចូល​ទៅ​ទូល​សួរ​រាជា​មិន​ខាន ថា​តើ​យើង​ដែល​ស្គាល់​ព្រះអង្គ​ពី​ពេល​ណា​ បាន​ជា​ជាប់​ឈ្មោះ​ជា​សុណិសា​ទៅ​កើត? នៅ​ក្នុង​ជីវិត​របស់​យើង​ទាំងមូល​មិនដែល​បាន​មក​កាន់​កោះ​នេះ​ម្ដង​ណា មុន​ពេលនេះ​ទាល់តែសោះ!»
អាមាត្យ​គំហក​ថា​រាជបុត្រ​កុហក ហើយ​សម្លុត​ថា៖
«អ្នក​ឯង​នឹង​ដឹង​ថា អ្វី​ទៅ​ជា​ទោស​កុហក​នៅ​ក្នុង​រាជ​នគរ​នេះ! យក​ល្អ ឯង​រក​នឹក​វិធី​ស្លាប់​ដែល​ងាយៗ​ដើម្បី​ស្នើ​សុំ​ឱ្យ​ហើយ​ទៅ នៅ​ពេល​ដែល​យើង​នៅ​មាន​ការ​អត់ធ្មត់​នៅ​ឡើយ!!»
ជាថ្មី​ម្តង​ទៀត ទាហាន​បាន​បង្ខំ​អូស​នាំ​ព្រះរាជបុត្រ​ដល់​រាជវាំង​ទាំង​យប់។
មេ​អាមាត្យ​ភ្លាម​នេះ​មិនបាន​ទៅ​ទូល​ព្រះ​នាង តែ​បែរជា​នាំ​យក​ករណី​អង្គ​ម្ចាស់ Zamaan ទៅ​ទូល​ថ្វាយ​ជំនួយ​ការ​នៃ​ព្រះមហាក្សត្រ​ជា​បន្ទាន់។
ខណៈ​នោះ​ព្រះ​នាង​ចិន​បាន​យាង​ក្នុង​ឧទ្យាន ព្រោះ​តែ​រាត្រី​នេះ​ទ្រង់​មាន​ប្រផ្នូល​មិន​អាច​ផ្ទំ​លក់​បាន​ឡើយ។
ព្រះ​នាង​បាន​ឮ​មាត់​ពួក​អាមាត្យ​មក​ដាល់​កាល​ណា ក៏​យាង​ថយ​ទៅ​បាំង​នឹង​ដើម​ឈើ ហើយ​លប​មើល។
ភ្លាម​នោះ ព្រះ​នាង​មើល​ស្គាល់​អំពី​អ្នកទោស​ម្នាក់​ដែល​ពិតជា​ព្រះ​ស្វាមី​គឺ ព្រះអង្គម្ចាស់ ​Zamaan ដែល​ត្រូវ​បណ្ដើរ​មក​កាត់​តាម​សួនច្បារ។
ថ្វីត្បិតតែ​ព្រះអង្គម្ចាស់​ស្ថិត​ក្នុង​សម្លៀកបំពាក់​ជា​រាស្ត្រ ប៉ុន្តែ​ព្រះអង្គ​ពេញ​ដោយ​បុណ្យ​បារមី​លើ​វង់​ភក្ត្រ មហេសី​ឃើញ​ហើយ អត់ទ្រាំ​សឹង​ពុំបាន​ក្នុង​ការ​ដង្ហោយ​ហៅ​រក។
ព្រះ​នាង​មាន​ព្រះទ័យ​គិត​ត្រិះរិះ​វែងឆ្ងាយ​ថា បើ​ទ្រង់​ទទួលស្គាល់​ស្វាមី​ពេល​នេះ​មែន ក៏​មាន​តែ​ទទួល​ស្គាល់​ថា ខ្លួន​បាន​កុហក​ព្រះមហាក្សត្រ​អេ​បូ​នី​ជា​យូរ​មក​ហើយ សម​នឹង​ប្រហារជីវិត​បង់​ដោយសារ​ទោស​បង្ខូច​ព្រះ​កិត្តិនាម​ថ្លៃថ្នូរ​នៃ​ព្រះ​រាជធីតា​ស្លូតបូត​នៃ​នគរ​នេះ​ទៀត?
ដូច្នេះ​ហើយ ព្រះរាជ​ធីតា​ចិន ទ្រង់​មាន​ព្រះទ័យ​ញាប់​ញ័រ​ជា​ខ្លាំង ពេល​យល់​វត្តមាន​របស់​ព្រះ​ស្វាមី​កម្សត់​ដែល​បាត់​ដំណឹង​ជា​យូរ​មក​ហើយ។
ពេល​ស្វាមី​ត្រូវ​បាន​បញ្ជូន​ផុត​ទៅ ព្រះ​នាង​បាន​កាក់​ផ្លូវ​អាមាត្យ​ម្នាក់​ដែល​នៅ​ក្រោយ​គេ។
អាមាត្យ​នោះ​យល់​ថា​ជា​រាជសុណិសា​ក៏​រួសរាន់​ថ្វាយបង្គំ។
«នាយ​អាមាត្យ អ្នក​ណា​ទៅ​ដែល​ទើបនឹង​ត្រូវ​ចាប់ចង​ចូល​មក​ទាំង​អធ្រាត្រ​នេះ?»
អាមាត្យ​បង្គំ​តប​វិញ​ដូច្នេះ​ថា៖
«បពិត្រ​រាជសុណិសា​ដ៏​ចម្រើន​អើយ! ទ្រង់​នៅតែ​មិន​ទាន់​បាន​ទទួល​ដំណឹង​អាក្រក់​នេះ​ទេ​ឬ​អ្វី? ជន​​នេះ​ធាតុ​ពិតជា​មនុស្ស​អាក្រក់ ឧត្បាត​ពន់ពេក វា​បាន​កេង​បន្លំ​លើ​ព្រះ​កិត្តិនាម​ទ្រង់ ហើយ​ក្លែង​ធ្វើ​ជា​ព្រះអង្គម្ចាស់​ព្រះនាម Zamaan ដូច​បេះបិទ​នឹង​ព្រះនាម​ដើម​នៃ​រាជសុណិសា ហើយ​វា​នៅ​កម្រោល​ដើរ​ប្រកាស​ពាសពេញ​រាជ​នគរ​ឱ្យ​គេ​ជឿ​លើ​វា!»
ព្រះ​នាង​ឮ​ហើយក៏​កើតទុក្ខ មិន​ដឹង​ថា​នឹង​បាន​ចំណេះ​អ្វី​មក​ដោះស្រាយ​ទុក្ខ​គ្រា​នេះ​ដែល​កើត​មាន​ឡើង ព្រោះ​តែ​សេចក្ដី​កុហក​ពោល​ពាក្យ​មិន​ពិត។
មុន​ពេល​បោយ​ដៃ​បណ្ដេញ​អាមាត្យ​ឱ្យ​ទៅ​បំពេញ​កិច្ច​បន្ត ទ្រង់​ផ្ដែផ្ដាំ​ថា៖
«យើង​​​ត្រូវ​ការសាកសួរ​ចម្លើយ​ជន​ថ្លើមពាសមេឃ​នោះ​ដោយ​ដៃ​ឯង! ចូរ​អ្នក​រត់​ទៅ​ប្រាប់​ពួក​ក្រុម​ខ្លួន​ផង​ថា មិន​ឱ្យ​ប្រើ​ទារុណកម្ម ឬ​អំពើ​ឃោរឃៅ​អ្វី មុន​ដែល​យើង​ទៅ​ដល់​នោះ​ឡើយ!»
អាមាត្យ​រត់ចេញ​ទៅ​តាម​រាជបញ្ជា ព្រះ​នាង​ចិន​ក៏​បាន​យក​ឱកាស​យាង​ទៅ​រក​ព្រះ​ធីតា​កូន​ស្ដេច​នគរ​អេ​បូ​នី ហើយ​បាន​ទូល​ថ្វាយ​ព្រះ​នាង​នូវ​អ្វី​គ្រប់យ៉ាង​ដើម្បី​នឹង​រក​ដំណោះស្រាយ​រួមគ្នា។
គិត​រហូត​ទល់​តែ​ព្រឹក​ស្រាងៗ​ក៏​នៅតែ​មិន​ទាន់​មាន​គំនិត​ល្អ​អ្វី ល្មម​អាច​ទុក​ចិត្ត​បាន​ទាល់​តែ​សោះ។
ស្រាប់តែ​នៅ​ព្រឹក​នោះ រាជសុណិសា​ក្លែងភេទ​ត្រូវ​បាន​ព្រះមហាក្សត្រ​កោះ​ហៅ​ឱ្យ​ចូល​ជំនុំ​ជា​បន្ទាន់។
ប្រការ​នេះ​ធ្វើ​ឱ្យ​ព្រះ​នាង​ចិន​ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​ក្លែង​ជា​រាជសុណិសា​នោះ​កើត​ភ័យភិត​ ខ្លាច​ក្រែង​តែ​ត្រូវ​ព្រះមហាក្សត្រ​បង្ខំ​ឱ្យ​កាត់ទោស​ប្ដី​ខ្លួនឯង​ដោយ​ផ្ទាល់ដៃ​នោះ​ទេ។
ទ្រង់​យាង​ទៅដល់​ឃើញ​ព្រះមហាក្សត្រ​សម្រាក​លើ​ព្រះ​ទែនសយនា ហាក់​គ្មាន​ព្រះរាជ​កម្លាំង​កំហែង​ពេញ​បរិបូរណ៍​សោះ ហើយ​ត្រេកអរ​ជា​ខ្លាំង ពេល​បាន​ឃើញ​វត្តមាន​រាជសុណិសា។
ព្រះអង្គ​ត្រដរ​ក្រោក​ឡើង ហើយ​ស្រែក​ទៅកាន់​មន្ត្រី​ទាំងឡាយ​ថា៖
«ហៃ​មន្ត្រី​ទាំងអស់​របស់​យើង! សុណិសា​ម្នាក់​នេះ​ពិតជា​មានមារយាទ​កតញ្ញុតា​ធម៌ សក្ដិសម​សម្រាប់​ការ​គ្រង​រាជ​បន្ត​ហើយ!»
ការប្រកាស​នេះ​ធ្វើ​ឱ្យ​មន្ត្រី​ទាំងឡាយ​អបអរ​ជា​ខ្លាំង ឯ​ព្រះ​នាង​ចិន​បែរ​ជា​ស្រលាំងកាំង​ទៅ​វិញ។
ព្រះ​នាង​បដិសេធ​ភ្លាម៖
«បពិត្រ​ព្រះបិតា​អើយ! ទ្រង់​មិន​សម​ណា​ឡើយ​ចាកចោល​រាស្ត្រ ហើយ​ទុក​ព្រះទ័យ​មក​លើ​មនុស្ស​ក្មេង​សេចក្ដី​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ដូច​ទូលព្រះបង្គំ​នេះ​ឡើយ!»
ព្រះមហាក្សត្រ​ទ្រង់​មាន​ឱង្ការ​តប​មកវិញ​ទាំង​ហត់​គឃូស​ថា៖
«កូនប្រសា​នៃ​យើង! យប់មិញ​មាន​អារក្ខ​មក​ពន្យល់​ក្នុង​សុបិន​យើង​ហើយ​ថា យើង​រក​បាន​សុណិសា​កាល​ណា​នឹង​បាន​គេ​មក​គ្រង​រាជ​ឆាប់ៗ​ហើយ! ចំណែក​ពេល​នេះ ព្រះ​សុខភាព​យើង​អាច​ប្រៀប​ដូច​ទៅ​នឹង​ចង្កៀង​ដែល​បាន​រីង​ប្រេង ដូច្នេះ​ចូរ​កូន​ជួយ​រំដោះទុក្ខ​ព្រួយ​របស់​ឪពុក ហើយ​ទទួល​យក​អម្រែក​ការងារ​ដែល​ពុក​បាន​រែក​វា​ពេញ​មួយ​ជីវិត​មក​ហើយ​នេះ នឹង​ឱ្យ​ពុក​បាន​សម្រាក​សម្រាប់​ពេលវេលា​ដែល​នៅ​សល់​ក្នុង​ជាតិ​នេះ​ផង!»
ព្រះអង្គម្ចាស់​ក្លែង​ភេទ​នេះ​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល ពេល​ស្ដាប់ឮ​ពាក្យ​អង្វរ​ទាំង​អស់​នេះ ហើយ​ការ​គ្រង​រាជ្យ​គឺ​ជា​អ្វី​ដែល​ទ្រង់​ប្រាកដ​ថា មិនដែល​បាន​សូម្បីតែ​គិត​ប្រាថ្នា​នៅ​ពេញ​មួយ​ជីវិត​របស់​ទ្រង់។
ព្រះ​នាង​ចិន​គ្មាន​ពាក្យ​អ្វី​នឹង​អាច​យក​មក​បដិសេធ​បាន​នៅ​នឹង​មុខ​ព្រះរាជា​ជរា​អង្គ​នេះ​ឡើយ មាន​តែ​និយាយ​ឡើង​ថា៖
«ឱ​ព្រះបិតា​អើយ! តើ​អ្វី​ខ្លះ​ទៅ​ដែល​ខ្ញុំ​ព្រះ​អាច​ធ្វើ​បាន​ឱ្យ​សក្ដិសម​ដើម្បី​តបស្នង​នឹង​ការ​ពេញ​ព្រះទ័យ​របស់​ទ្រង់​មក​លើ​ទូលព្រះបង្គំ?!»
ដូច្នេះ​ហើយ ព្រះអង្គម្ចាស់​ក្លែងភេទ​អង្គ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​កាន់​ប្រាសាទ​ជ័យ​រៀបចំ​គ្រឿង​ព្រះហស្ត ហើយ​ឡើង​ទៅ​គង់​នៅ​លើ​កៅអី​ចំ​កណ្ដាល​ប្រាង្គ​ប្រាសាទ។
អាមាត្យ​បាន​លើក​ប្រអប់​ដ៏​ធំ​មួយ​ពេញ​ដោយ​មាសប្រាក់ នឹង​អាល​ឱ្យ​ព្រះមហាក្សត្រ​ថ្មី​ត្រៀម​ឡើង​គ្រង​រាជ​នេះ​អាច​លូក​ព្រះ​បាទា​ជាន់​ពី​លើ​តាម​ទម្លាប់​នៃ​រាជ​នគរ។
ពិធី​សម្ដែង​ចប់ ព្រះអង្គ​ថ្មី​ត្រូវ​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំង ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ស្មាន​ដល់​ថា ទ្រង់​ជា​ព្រះ​ធីតា​នៃ​ប្រទេស​ចិន​ឡើយ។
តាម​ថា រាជ​សុណិសា​ជា​បុរស​ម្នាក់​ដែល​មាន​ក្ដី​សុខ​បំផុត​នៅ​លើ​លោក​ក្នុង​គ្រា​នេះ បើ​សិន​ជា​ទ្រង់​ជា​បុរស​ពិត ប៉ុន្តែ​ពេល​នេះ ធាតុ​ពិត​ទ្រង់​មិនបាន​សប្បាយ​ព្រះទ័យ​អ្វី​ទេ។
គ្រប់​ដង្ហើម​ចេញចូល ព្រះ​នាង​នឹក​ឃើញ​តែ​ព្រះ​ស្វាមី ហើយ​រាល់​ពេល​ដែល​មន្ត្រី​ធំៗ​ចូល​មក​ថ្វាយ​ព្រះពរ ព្រះ​នាង​បាន​ដក​ដង្ហើម​ធំ​វែង ព្រោះ​ត្រូវ​ខំ​ញញឹម​ក្រោម​ការ​ទុក្ខ​លំបាក​ផ្លូវ​ចិត្តជា​ពន់ពេក។
រាត្រី​នោះ ព្រះ​នាង​បាន​ត្រិះរិះ​ជានិច្ច រក​វិធី​យ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​ចប់។
ចុង​បញ្ចប់ ព្រះ​នាង​បាន​កោះហៅ​សេនា​ឱ្យ​នាំ​ខ្លួន​ស្វាមី​ពី​ទី​ឃុំឃាំង​មក​ជួប។
រយៈ​ពេល​ដែល​រង់ចាំ ទ្រង់​មាន​អារម្មណ៍​អន្ទះសា​ដោយសារ​នឹក និង​អៀន​អន់​ដូច​រយៈ​ពេល​ដែល​ទ្រង់​ទើបតែ​បាន​ជួប​ព្រះអង្គម្ចាស់ Zamaan តែ​មួយ​រាត្រី ហើយ​បែក​គ្នា​មិន​ដឹង​ទិស​តំបន់​កាល​ពី​មុន​ដែរ។
ទីបំផុត ស្វាមី​ត្រូវ​បាន​សេនា​នាំមក​ដល់។
ព្រះ​នាង​បាន​ឃើញ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លាម កើត​ក្ដី​ស្នេហា​ជា​ពន់ពេក អត់​ទ្រាំ​មិន​បាន​ក៏​មាន​សវនីយ៍​ទៅ​រក​ព្រះអង្គម្ចាស់​ថា៖
«ជន​ក្លែងបន្លំ យើង​ពិតជា​ចង់​ដឹង​ណាស់​ថា អ្វី​ទៅជា​បំណង​ពិត​របស់​អ្នក?!»
ព្រះ​នាង​ចិន​បណ្ដេញ​ពួក​សេនា​ឱ្យ​ចាកចេញ ទាំង​អ្នក​បម្រើ​ទាំងអស់ ហើយ​ងាក​មក​អញ្ជើញ​ប្ដី​ឱ្យ​ឡើង​លើ​គ្រែ។
ព្រះរាជបុត្រ Zamaan កំពុង​កើត​ងឿងឆ្ងល់​នឹង​កាយវិការ​ស្ដេច​ក្មេង​ដែល​ទ្រង់​ដូចជា​ប្រហែល​មុខ​និង​ចំណាំ​សំឡេង​បាន​នេះ ស្រាប់តែ​ព្រះ​នាង​ចិន​បាន​បិទទ្វារ​ដំណាក់ ហើយ​យក​គ្រាប់​ត្បូង​ Carnelian ​ចេញ​ពី​ចង្កេះ​មក​បង្ហាញ​ទ្រង់។
«តើ​នេះ​ជា​ត្បូង​របស់​អ្នក​មែន​ទេ? ហេតុអ្វី​អ្នក​ទុក​វា​ជាប់​នឹង​ខ្លួន?!»
ព្រះ​នាង​ធ្វើ​ពើ​ជា​សួរ។
រាជបុត្រ​ Zamaan ឃើញ​ត្បូង​កាល​ណា ទ្រង់​សោយសោក ទប់​យ៉ាងណា​ក៏​មិន​ជាប់ ហើយ​ស្រក់​ជលនេត្រ​នឹង​មុខ​ភរិយា។
«ហេតុអ្វី​អ្នក​ឃើញ​របស់​នេះ​ហើយក៏​ស្រក់​ទឹកភ្នែក?»
ព្រះ​នាង​សួរ​ទាំង​ព្រះទ័យ​ប្រេះស្រាំ​អាណិត​ស្វាមី។
ព្រះអង្គម្ចាស់​លា​បាតដៃ​ទទួលយក​គ្រាប់​ត្បូង​ដែល​ព្រះ​នាង​ហុច​មក ហើយ​យក​វា​ដាក់​នៅ​ក្នុង​ដៃ​ដោយ​ទួញ​ឡើង​ថា៖
«ព្រះករុណា​នៃ​អេ​បូ​នី! តើ​ព្រះអង្គ​បាន​សួរ​ទូលបង្គំ​ជា​ខ្ញុំ​ថា តើ​មាន​អ្វី​ដែល​ត្បូង​ Carnelian ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក? តាមពិត វា​គ្មាន​អ្វី​ល្អ​នោះ​ទេ​ព្រះអង្គ​អើយ! បើ​កុំ​តែ​ទូលព្រះបង្គំ​ចចេស​ចង់​កាន់​វា​ ចង់​ដឹង​ពី​វា​ហ្នឹង​ហើយ ​បាន​ជា​ជួប​គ្រោះភ័យ ត្រូវ​ចាក​ឆ្ងាយ​ពី​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់ រហូត​ដល់​ពេល​នេះ! តាម​ពិត​យើង​ជា​រាជបុត្រ ​Zamaan ​ពិត! ប្រសិន​ទ្រង់​រៀប​នឹង​សម្លាប់​យើង ​គួរ​ទ្រង់​ស្ដាប់​ឱ្យ​បាន​ដឹងឮ​នូវ​ប្រវត្តិ​រឿងរ៉ាវ​នៃ​រឿង​ស្នេហា​អកុសល​របស់​ប្ដី​ម្នាក់​ដែល​នៅ​រង់ចាំ​ភរិយា​ក្រោម​ដើម​ឈើ​ធំ​ខ្ពស់​កណ្ដាល​ស្មសាន ឆី​តែ​រុក្ខជាតិ​ផ្លែ​ឈើ​ព្រៃ​ជា​ចំណី យក​ធរណី​ជា​សយនា​ខ្នើយ​អស់​ពេល​១០​ថ្ងៃ​គត់ ក៏​នៅតែ​គ្មាន​វាសនា​បាន​នាង​មក​ឱប​ជាប់​ទ្រូង​វិញ!»
ព្រះ​នាង​ស្រក់​ទឹកភ្នែក​ ហើយ​បោច​ពុក​មាត់​ពុក​ចង្កា​ចោល ដោះ​ឈ្នួត​ក្បាល ទម្លាក់​ព្រះ​កេសា​ឱ្យ​ក្លាយ​ទៅជា​ស្ត្រី​ពេញលក្ខណៈ​ម្នាក់​ដូចដើម។
ព្រះអង្គម្ចាស់ ​Zamaan ​ឃើញ​ភរិយា​ប្រាកដ​ខ្លួន​នៅ​នឹង​ព្រះ​នេត្រ ទ្រង់​ក៏​ស្រែក​ទទួល​នាង​ដោយ​រំភើប​ឥត​បី៖
«ភរិយា​របស់​យើង​អើយ! តើ​នេះ​ជា​ការ​យល់​សុបិន​ឬ​យ៉ាងណា?!»
ព្រះ​នាង​មាន​សវនីយ៍​អ្វី​ក៏​ពុំបាន មាន​តែ​ទ្រង់​បង្ហូរ​ព្រះ​ជលនេត្រ ហើយ​ស្រវាឱប​ស្វាមី។
បន្ទាប់​មក​ទើប​ព្រះ​នាង​រៀបចំ​ព្រះ​ក្រយាស្ងោយ និង​ពន្យល់​ពី​អ្វី​គ្រប់យ៉ាង​ដល់​ព្រះអង្គ។
«ស្វាមី​អើយ! កាល​ពី​យើង​ទើបនឹង​ចាប់កំណើត ហោរា​បាន​ទាយ​ថា ដោយសារ​ព្រះវរបិតា​ធ្លាប់​មាន​កម្ម​បាញ់​បំផ្លាញ​សំបុក​បក្សី​យក្ខ យើង​ជា​កូន​នេះ​នឹង​ជួប​ការ​ព្រាត់ប្រាស​ធំៗ​ប៉ុន្មាន​លើក​ដែរ! ដូច្នេះ​ព្រះ​មាតា​បាន​ទៅ​សុំ​ពរ​ពី​អាចារ្យ​សាសន៍​ដទៃ​នូវ​ត្បូង​បណ្ដាសា​នេះ ដាក់​ជាប់​នឹង​ចង្កេះ​ទុក​ការពារ​ខ្លួន! មាតា​ផ្សង​ថា បើ​បំណាច់នឹង​ឃ្លាត​ចាក​ព្រះ​នគរ គួរ​តែ​មាន​បុរស​ចិត្ត​ស្មោះ​ណា​ដែល​ស្រលាញ់​យើង​ដោយ​ពិតៗ នោះ​គង់តែ​យើង​អាច​យក​ឈ្នះ​លើ​កម្ម​ពៀរ​នោះ ហើយ​ឆ្លងកាត់​នូវ​ឧបសគ្គ​បាន!»
ពួកគេ​បាន​រួម​រស់​សោយសុខ​នឹង​គ្នា​ពេញ​មួយ​រាត្រី​រហូតដល់​ភ្លឺ។
ព្រះ​នាង​ចិន​បាន​ប្រាប់​ប្ដី​នូវ​រឿង​ទាំងមូល ចាប់​តាំងពី​ពេល​ពួកគេ​បាន​ត្រូវ​បណ្ដាសា​នោះ​បំបែក​ចេញ​ពី​គ្នា។
ព្រឹក​ថ្ងៃ​បន្ទាប់ ព្រះ​នាង​ចិន​មិនបាន​ស្លៀកពាក់​ខ្លួនឯង​ជា​ប្រុស និង​ជា​ស្ដេច​ទៀត​ទេ​។ ព្រះ​នាង​បាន​យាង​ទៅ​រក​ព្រះមហាក្សត្រ​ជរា​ជា​ឪពុកក្មេក។
នៅ​ពេល​ស្ដេច​បាន​យាង​ចូល​ទៅដល់ អតីត​ព្រះមហាក្សត្រ​សែន​ភ្ញាក់ផ្អើល​ដែល​បាន​ឃើញ​ស្ត្រី​ម្នាក់​មិន​ដែល​ស្គាល់ ជាមួយ​និង​ព្រះរាជា​ក្មេង​ក្នុង​សម្លៀកបំពាក់​គ្រង​រាជ គឺ​អង្គ Zamaan ​ពិត។
ព្រះ​នាង​បាន​នាំ​ប្ដី​ថ្វាយបង្គំ​អតីត​ព្រះមហាក្សត្រ ហើយ​ទូល​ឡើង​ថា៖
«បិតា​អើយ​កាលពី​ម្សិលមិញ ខ្ញុំ​ម្ចាស់​នៅ​ជា​ព្រះមហាក្សត្រ​ក្រោម​ព្រះទ័យ​ករុណា​នៃ​ទ្រង់ តែ​ថ្ងៃ​នេះ​ ខ្ញុំ​ម្ចាស់​ជា​រូប​ពិត គឺ​ព្រះ​នាង​នៃ​ប្រទេស​ចិន​ដែល​តាម​ការ​ពិត​ទៅ គឺ​ជា​ភរិយា​របស់​ព្រះអង្គម្ចាស់​ Zamaan ​អង្គ​នេះ​ដែល​ជា​បុរស​ឥស្លាម​ដ៏​ពេញលក្ខណៈ និង​ជា​បុត្រា​នៃ​ព្រះមហាក្សត្រ​ Shaah! សូម​ទ្រង់​លើក​លែង​ទោស​កុហក​នៃ​ស្ត្រី​វង្វេង​ស្វាមី​ម្នាក់​ដែល​ត្រូវ​ធ្វើដំណើរ​ផ្សងព្រេង​ឆ្លង​កាត់​ឧបសគ្គ​គ្រប់សព្វ​បែប​យ៉ាង គ្មាន​វិធី​អ្វី​ក្រៅពី​ការពារ​ខ្លួន​ដោយ​ធ្វើ​ខ្លួនឯង​ឱ្យ​ទៅ​ជា​មនុស្ស​ប្រុស និង​ប្រើ​ឈ្មោះ​របស់​ស្វាមី​ជា​ជំនួស បង្កើត​នូវ​ការភាន់ច្រឡំ​ពាសពេញ​នេះ! ប្រសិនបើ​ទ្រង់​ស្ដី​បន្ទោស​ខ្ញុំ​ម្ចាស់​សម្រាប់​ការ​បោក​បញ្ឆោត​នេះ សូម​តែ​មុន​ពេល​ស្លាប់​ ព្រះមហាក្សត្រ​អនុញ្ញាត​ឱ្យ​ខ្ញុំម្ចាស់​បាន​ឱកាស​ដើម្បី​និទាន​ថ្វាយ​នូវ​បណ្ដា​រឿង​ជីវិត​កម្សត់​អស្ចារ្យ​ ហើយ​និង​សំណូមពរ​ចុង​ក្រោយ គឺ​សូម​ព្រះករុណា​យល់ព្រម​លើក​ព្រះរាជ​ធីតា​របស់​ទ្រង់​ដែល​ត្រូវ​ជា​ភរិយា​ខ្ញុំ​នោះ​ទៅ​ឱ្យ​ព្រះ​ស្វាមី ​Zamaan ខ្ញុំ​ម្ចាស់​ជំនួស​វិញ ក្នុង​ឋានៈ​ជា​មហាក្សត្រិយានី!!»​
ព្រះមហាក្សត្រ​អា​រ៉ា​ម៉ា​នូ​ស​បាន​ស្តាប់​ព្រះ​នាង​ចប់ ទើប​ទ្រង់​មាន​ព្រះ​តម្រាស់​តប​វិញ​ថា៖
«កូន​អើយ! តាំងពី​ព្រះ​ធីតា​របស់​យើង​បាន​ជួប​អ្នក ទទួល​ការ​រាប់អាន និង​ជជែក​ពិគ្រោះ​ជាមួយ​អ្នក ព្រះ​នាង​ពិត​បាន​ក្លាយ​ជា​មាន​​ក្ដី​សុខ​សប្បាយ​ចិត្ត លែង​កំព្រា​ឯកោ ក៏​ជា​សុភមង្គល​នៃ​យើង​ជា​ឪពុក តែ​ជា​គុណសម្បត្តិ​នៃ​ព្រះ​នាង​ចិន​ដូច​គ្នា! ចំណែក​ការណ៍​ដែល​យើង​បាន​តែង​តាំង​នាង​ជា​កូនប្រុស​នៅ​ក្នុង​ច្បាប់​របស់​យើង​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ឱ្យ​មកុដ​នេះ​ទៅ​អ្នក ពេល​នេះ​អ្នក​ឱ្យ​វា​ទៅ​ស្វាមី​វិញ​ យើង​មិន​ថា​អ្វី​ទេ ប្រើ​ឈ្មោះ​ដដែល គ្រាន់តែ​មនុស្ស​ផ្សេង​គ្នា! ប៉ុន្តែ​ដើម្បី​ដឹងគុណ​ព្រះ​ជា​ម្ចាស់ ចូរ​អ្នក​ទាំង​ពីរ​ព្រម​ទទួលយក​យើង​ដ៏​ជរា​នេះ​ទុកជា​ព្រះបិតា​រហូត​ទៅ​ហើយ ព្រម​នៅ​គ្រប់គ្រង​រាជ​នគរ​នេះ​ ថែទាំ​ដែល​ព្រះរាជ​ធីតា​របស់​យើង រហូតដល់​នាង​អស់​ជីវិត! តើ​អ្នក​ទាំងពីរ​យល់ព្រម​ដែរ​ទេ?!
ឮ​ហើយ​រាជបុត្រ​ Zamaan​ តប​ឡើង​ថា៖
«ព្រះអង្គ​អើយ ទោះ​ជា​បុត្រ​អន្ទះសា​ចង់​ឃើញ​បិតា​បង្កើត តែ​ខ្ញុំ​នៅតែ​មិន​អាច​បដិសេធ​ការ​ផ្ដល់​ជូន​របស់​អ្នក​បាន ដោយសារ​ភរិយា​នៃ​ខ្ញុំ​ត្រូវ​បាន​អ្នក​និង​រាជធីតា​ធ្វើអំពើ​ល្អ​មក​ជា​ច្រើន!»
បន្ទាប់​ពី​នោះ ទ្រង់​ Kaamraal Zamaan ​​ត្រូវ​បាន​ប្រកាស​ជា​ព្រះមហាក្សត្រ​នៃ​កោះ​អេ​បូ​នី ហើយ​បាន​រៀបការ​ជាមួយ​ព្រះ​នាង Haital Nefoos ជា​ភរិយា​ទី​ពីរ។
៦​ខែ​ក្រោយ​មក ព្រះមហាក្សត្រ Zamaan ​​បាន​នាំ​ភរិយា​ទាំង​ទ្វេ​ទៅដល់​នគរ​កំណើត ហើយ​ព្រះ​វររាជ​បិតា​នៅ​មាន​ព្រះ​រាជ​សុខភាព​ល្អ​បរិបូរណ៍​នៅ​ឡើយ។
ស្ដេច Zamaan បាន​កោះហៅ​កូនប្រុស​មេដោះ​របស់​ព្រះ​នាង​ចិន​ឱ្យ​មក​កាន់​ទីនេះ​ដើម្បី​ការពារ​នគរ​កំណើត រហូតដល់​ថ្ងៃ​មួយ គេ​នោះ​បាន​ឡើង​ស្នងរាជ្យ​បល្ល័ង្ក​ពេញ​បរិបូរណ៍ ទើប​ទ្រង់​នាំ​ភរិយា​ទាំងពីរ​ទៅ​លេង​នគរ​ចិន ចុង​ក្រោយ​វិល​មក​សោយសុខ​នៅ​អេ​បូ​នី​វិញ ហើយ​លើក​អ្នក​ថែ​សួន​ឡើង​ជា​មហាមិត្ត​រួមរស់​និង​គ្នា​ក្នុង​សុខ​សុភមង្គល៕

ចប់​ដោយ​បរិបូរណ៍​


Subscribe to get more videos :